(ភ្នំពេញ)៖ វិស័យឯកជន និងសប្បុរសជនចំនួន៩ទៀត បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ក្រោមការសម្របសម្រួលរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈ លោក សាឡា អេអ៊ីសា ដោយប្រគល់សម្ភារចាំបាច់មួយចំនួនជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល។

សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល... សរុបថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។

វិស័យឯកជន និងសប្បុរសជនទាំង ០៩ រួមមាន៖

*ទី១៖ H.E SALAH A ESSA
*ទី២៖ MANHATTAN SPECIAL ECONOMIC ZONE & MEDTECS GROUP
*ទី៣៖ HONG LEONG BANK CAMBODIA
*ទី៤៖ MITSUBISHI CORPORATION
*ទី៥៖ INTERNATIONAL BUSINESS CHAMBER OF CAMBODIA
*ទី៦៖ GIGA SPECIAL ECONOMIC & BAVET SQUARE
*ទី៧៖ CAMBODIA INVESMENT MANAGEMENT TAX SERVICE
*ទី៨៖ TILLEKE & GIBBINS (CAMBODIA) LTD
*ទី៩៖ MR. ANTREW TEY

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា នេះជាលើកទី២ ក្រោមការសម្របសម្រួលរបស់លោក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក សាឡា អេអ៊ីសា ដែលបាននាំមកនូវសម្ភារប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងការងារចាក់វ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដនៅកម្ពុជា ក្នុងនោះលើកទី១ មានអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ បានប្រគល់ជូនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ដែលជំនួយសប្បុរសធម៌នេះ នឹងមកដល់ជាបន្តបន្ទាប់ទៀត។

លោកបានបន្តទៀតថា ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំ ដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសចំពោះអ្នកវិនិយោគិន និងសប្បុរជននានា ដែលមិនត្រឹមតែបានមកបណ្តាក់ទុករកស៊ីជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសណ្ដានចិត្ដមេត្តាធម៌ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ១៩ ដែលបាននិងកំពុងបង្ក ជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដទៅដោយជោគជ័យ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញបេសកកម្មការងារដ៏មានតម្លៃ និងសកម្មបំផុត ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបានជួយជ្រោមជ្រែងដល់ការអនុវត្តនូវវិធានការការពារទប់ស្កាត់ និងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩៕