(ភ្នំពេញ)៖ គណៈកម្មការស្រាវជ្រាវ និងរុករកជំងឺកូវីដ១៩ បានអនុញ្ញាតឱ្យឱសថស្ថាន »ផ្សារតាប៉ាងថ្មី» បើកលក់ឱសថជាធម្មតា បន្ទាប់ពីពិនិត្យឃើញថា ឱសថស្ថាននេះអនុវត្តបានត្រឹមត្រូវតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល មិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺដែលបានចូលទៅទិញម៉ាស់នោះទេ។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ជនបរទេសម្នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ បានចូលទៅទិញម៉ាស់នៅឱសថស្ថាន «ផ្សារតាប៉ាងថ្មី»។ ក្រុមការងារស្រាវជ្រាវរកជំងឺកូវីដ១៩ ក៏បានចុះទៅដល់ទីតាំង ហើយពិនិត្យស្ថានភាព និងវាយតម្លៃពីលទ្ធភាពឆ្លង ឬមិនឆ្លងនៃការលក់ដូរនៅឱសថស្ថាននោះផងដែរ។
ក្រុមការងារស្រាវជ្រាវ បានពិនិត្យពីស្ថានភាពនៃការលក់ដូរ និងពិនិត្យសកម្មភាពទិញតាមវីដេអូកាមេរាសុវត្ថិភាពផងដែរ។ ស្ថានភាពនៅកន្លែងលក់ដូរ ត្រូវបានម្ចាស់ឱសថស្ថានរៀបចំចងខ្សែកំណត់ទីតាំងអ្នកទិញ ដាក់របាំងកញ្ចក់មានការវាស់កម្តៅ និងបាញ់អាល់កុលថែមទៀតផង។
បន្ថែមពីលើនោះតាមរយៈវីដេអូកាមេរាសុវត្ថិភាព ក៏បានបង្ហាញថា ពេលជនបរទេសដែលរកឃើញវិជ្ជមានកូវីដ១៩នោះ ចូលទៅទិញម៉ាស់ គឺមានពាក់ម៉ាស់ត្រឹមត្រូវ ហើយក៏មានរក្សាគម្លាតផងដែរ។
បើតាមលោក ហេង រដ្ឋា ម្ចាស់ឱសថស្ថាន បានលើកឡើងថា យោងតាមស្ថានភាពនៃការលក់ដូរ និងទិដ្ឋភាពបង្ហាញពីកាមេរាសុវត្ថិភាព ធ្វើឱ្យក្រុមការងារស្រាវជ្រាវរកជំងឺកូវីដ១៩ វាយតម្លៃថា ទីតាំងលក់ឱសថរបស់លោកមិនប្រឈមនឹងការឆ្លងជំងឺនោះឡើយ។
យោងលើហេតុផលទាំងនេះ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ ក៏បានអនុញ្ញាតឱ្យឱសថស្ថាន «ផ្សារតាប៉ាងថ្មី» បើកលក់ឱសថជាធម្មតា ហើយមិនតម្រូវឱ្យយកសំណាករបស់លក់ឱសថ ឬធ្វើចត្តាឡីស័កអ្វីនោះដែរ។ នេះជាការបញ្ជាក់របស់លោក ហេង រដ្ឋា។
សូមបញ្ជាក់ថា ឱសថស្ថាន «ផ្សារតាប៉ាងថ្មី» នេះ ធ្លាប់ត្រូវបានអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃម្តងរួចមកហើយ កាលពីខែមេសា បន្ទាប់មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩។ ក្រោយចត្តាឡីស័ក១៤ថ្ងៃ ហើយមិនមានអ្នកលក់ឱសថណាម្នាក់ ឆ្លងជំងឺនោះ ឱសថស្ថាននេះ ក៏ត្រូវបានអនុញ្ញាតឱ្យបើកទ្វារលក់ធម្មតាឡើងវិញ។
ឱសថស្ថាន «ផ្សារតាប៉ាងថ្មី» ក៏មានការដាក់ឱ្យបញ្ជាទិញឱសថតាមបណ្តាញសង្គមដូចជា៖ Telegram / Line / WhatApp តាមរយៈលេខទូរស័ព្ទ៖ 012 38 66 69 / 016 38 66 69៕
រូបភាពពីកាមេរាសុវត្ថិភាព បង្ហាញសកម្មភាពអ្នកវិជ្ជមានកូវីដ១៩ ចូលទៅទិញម៉ាស់