(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកថវិកា របស់អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជន និងក្រុមហ៊ុននានាសរុបចំនួន ២៧ម៉ឺនដុល្លារ និង២១លាន៤០ម៉ឺនរៀល ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
ពិធីប្រគល់-ទទួល ថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍, ហិរញ្ញឹក, លេខាធិការ ក្នុងជួរគណៈកម្មាធិការសាខាមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានសម្តែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទី លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បន្តទៀត ជាពិសេសក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩។
លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក កែវ រតនៈ និងលោកស្រី ព្រមទាំងតំណាងក្រុមហ៊ុន និងសប្បុរសជននានា ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។
លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំយើងបានរៀបចំពិធី ដើម្បីអបអរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម តែក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ១៩ យើងបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។
តែទោះជាយ៉ាងណាក្តីលោក កែវ រតនៈ និងលោកស្រី ព្រមទាំងសហការី បានបន្តចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ លោកបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដែលទទួលបានថវិកា សរុបចំនួន ២៧ម៉ឺនដុល្លារ និង២១លាន៤០ម៉ឺនរៀល សម្រាប់ជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សបញ្ចាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ និងសន្យាយកថវិកាទាំងអស់នេះ ទៅប្រើប្រាស់ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕