(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់ឲ្យអាជីវករ សន្ដិសុខ បុគ្គលិ-កម្មករ អតិថិជនដែលចេញចូលផ្សារទាំងអស់ ក្រោយបើកដំណើរការឡើងវិញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ១.៥ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ។
ក្នុងសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ត្រង់ប្រការ២ បានកំណត់ច្បាស់ថា អ្នកមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព នឹងត្រូវពិន័យជាប្រាក់ពី២០ម៉ឺនរៀល ទៅ១លានរៀល តាមច្បាប់កំណត់។
សេចក្ដីសម្រេចនេះបានសរសេរយ៉ាងដូច្នេះថា «អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ចន្លោះពី ២០ម៉ឺនរៀល ដល់១លានរៀល»។
ក្នុងនោះ អភិបាលរាជធានីភ្នំពេញ ក៏បានហាមឃាត់ដាច់ខាតការជួបជុំប្រមូលផ្ដុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណីមានការជួបជុំប្រមូលផ្ដុំមនុស្សខុសពីការណែនាំនេះ នឹងត្រូវអនុវត្តការផាកពិន័យជាបន្ទាន់ ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ ២០ម៉ឺនរៀល តាមច្បាប់កំណត់ជាធរមាន។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏តម្រូវឲ្យអាជីករ សន្ដិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕