(ភ្នំពេញ)៖ មុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ចំនួន២នាក់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងសង្កាត់កន្ទោក ខណ្ឌកំបូល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលើកចុងក្រោយ កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយឆក់ជនជាតិចិន ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿង ម៉ាក Nex ស៊េរីឆ្នាំ២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក់ ហុងដា ឃ្លីក ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ។
របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រហូតបង្ក្រាបបានដែលជនសង្ស័យទី១៖ ឈ្មោះ ស្វាយ រិទ្ធី ហៅ (ប៊យ) អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងទី២៖ ឈ្មោះ ជុំ ស៊ីជែន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមចម្លើយរបស់ជនសង្ស័យខាងលើបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិចិន នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រាកដមែន។ បច្ចុប្បន្ននាយកដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕