(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានបដិសេធសំណើរបស់លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលស្នើឱ្យរំលាយសមាជ ឆ្នាំមុនរបស់ គណបក្សហ៊្វុនស៊ិនប៉ិច។
លិខិតក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិចនាពេលនោះ បានប្រព្រឹត្តទៅត្រឹមត្រូវ និងស្របតាមការកំណត់ ហើយក្រសួងក៏បានទទួលស្គាល់តាមរយៈលិខិតលេខ ៣៣៥ សជណ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥»។
លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ បន្ទាប់ពីចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានស្នើឱ្យសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចមួយ ដើម្បីដាក់ជាមោឃភាពនូវលទ្ធផល សមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្វើឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។
តាមរយៈលិខិតរបស់លោក ញឹក ប៊ុនឆៃ ដែលផ្ញើជូនសម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា សមាជនោះបានធ្វើផ្ទុយពីលក្ខន្តិកៈ របស់គណបក្សហ៊្វុនស៊ិនប៉ិច។
ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងប្រាប់ Fresh News ថា សំណើរបស់លោក ញឹក ប៊ុនឆៃ នឹងមិនអាចទៅរួចឡើយ៕