(បាងកក)៖ វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំប្រទេសថៃ គឺជាការបើកទំព័រសករាជថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលបានបង្ករវិទ្ធង្សនា កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ រយៈពេលជាង១ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ។
នាឱកាសអញ្ជើញជាអធិបតីភាព កិច្ចប្រជុំវិសាមញ្ញលើកដំបូងនៃ CBC កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ូក សោភ័ណ បានសម្តែងការអបអរ ចំពោះធុរជនកម្ពុជា និងថៃ ដែលបានជាប់ឆ្នោតជាប្រធាន និងអនុប្រធាន សម្រាប់អាណត្តិការងាររយៈពេល៥ឆ្នាំ ដើម្បីចូលរួមជំរុញវឌ្ឍនភាពវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូត ក៏បានជម្រាបពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។
សូមជម្រាបថា យោងតាមខ្លឹមសារច្បាប់អនុញ្ញាត CBC មានកាតព្វកិច្ចចូលរួមជំរុញផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរ ព័ត៌មាន និងចំណេះដឹងផ្សេងៗរវាងសមាជិក រាប់តាំងពីការធ្វើអាជីវកម្ម ការលើកកម្ពស់គុណភាពទំនិញ-សេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារ ព្រមទាំងការសម្របសម្រួល និងចរចាជាមួយស្ថាប័នរដ្ឋទាំងក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សមាជិក៕