(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា គឺជាថ្ងៃទិវាមាត្រាសាស្ត្រ ពិភពលោក (World Metrology Day)។ ទិវាមាត្រាសាស្ត្រពិភពលោក គឺជាការប្រារព្ធប្រចាំឆ្នាំនៃការរំលឹកការចុះហត្ថលេខាលើអនុសញ្ញាខ្នាតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៧៥ ដោយពេលនោះ មានតំណាងប្រទេសចំនួន១៧ បានចុះហត្ថលេខា។

អនុសញ្ញានេះ បានកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហការជា សកល នៅក្នុងវិទ្យាសាស្ត្រ នៃរង្វាស់រង្វាល់ និងនៅក្នុងការអនុវត្តឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន និងសង្គម។ មួយវិញទៀត អនុសញ្ញានេះផ្តល់ជាមូលដ្ឋាន សម្រាប់ប្រព័ន្ធរង្វាស់រង្វាល់ឱ្យមានភាពស៊ីសង្វាក់គ្នាទូទាំង ពិភពលោក ដែលជួយគំាទ្រដល់ការរកឃើញវិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្នុងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូច ជាការកែលម្អគុណភាពជីវិត និងការការពារបរិស្ថានពិភពលោក។

ទិវាមាត្រាសាស្ត្រពិភពលោកឆ្នំា២០២១ ក្រោមប្រធានបទ «រង្វាស់ រង្វាល់ សម្រាប់ សុខភាព»។ ប្រធានបទនេះ ត្រូវបានជ្រើសរើសដើម្បីបង្កើតការយល់ដឹងអំពីតួនាទីយ៉ាងសំខាន់របស់មាត្រាសាស្ត្រ នៅក្នុងផ្នែកសុខភាពស្របពេលពិភពលោកទាំងមូលកំពុងរងការរាតត្បាតនៃវីរុស COVID-19។ ជាក់ស្តែងប្រសិនបើឧបករណ៍ សម្ភារៈ ដែលត្រូវយកមកប្រើប្រាស់ពុំមានការត្រួតពិនិត្យ រង្វាស់រង្វាល់ ខ្នាត និងគុណភាព ឱ្យបានត្រឹមត្រូវនោះទេ ឧបករណ៍ និងសម្ភារៈ ទាំងនោះ នឹងពុំមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការប្រើប្រាស់ឡើយ។

នៅទូទាំងពិភពលោក វិទ្យាស្ថានមាត្រាសាស្ត្រជាតិ នៃបណ្តាប្រទេសនានា បាននិងកំពុងខិតខំបន្ត ធ្វើឱ្យប្រសើរ ឡើងនូវវិទ្យាសាស្ត្ររង្វាស់រង្វាល់ ដោយអភិវឌ្ឍឆ្លើយតបដំណាក់កាលឧស្សាហកម្មជំនាន់ទី៤ ដែលជាបច្ចេកទេស រង្វាស់រង្វាល់ថ្មីៗ នៅកម្រិតចាំបាច់នៃភាពទំនើបកម្ម (ការផ្លាស់ប្តូរឌីជីថលក្នុងមាត្រាសាស្ត្រ)។ វិទ្យាស្ថានមាត្រាសាស្ត្រ ជាតិនានាបានចូលរួមក្នុងការប្រៀបធៀបរង្វាស់រង្វាល់ដែលសម្របសម្រួលដោយការិយាល័យអន្តរជាតិទម្ងន់ និងរង្វាស់រង្វាល់ (Bureau International des Poids et Mesures - BIPM) ដើម្បីធានាបាននូវភាពជឿជាក់នៃលទ្ធផលនៃរង្វាស់រង្វាល់ទូទាំង ពិភពលោក។

អង្គការនីត្យានុកូលមាត្រាសាស្ត្រអន្ដរជាតិ (OIML) បានអភិវឌ្ឍស្តង់ដារបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិ (International Recommendation) ដែលមានគោលបំណងដើម្បីឱ្យមានភាពអនុលោម និងធ្វើឱ្យមានសុខដុមនីយកម្ម តម្រូវការបច្ចេកទេសទូទាំងពិភពលោកលើវិស័យជាច្រើន។ OIML ក៏ដំណើរការផងដែរនូវប្រព័ន្ធវិញ្ញាបនប័ត្រ OIML-CS ដែលសម្របសម្រួលដល់ការទទួលយកជាអន្តរជាតិ និងពាណិជ្ជកម្មពិភពលោកនៃឧបករណ៍រង្វាស់រង្វាល់ដែលជាប់បញ្ញាត្តិ។ ប្រព័ន្ធមាត្រាសាស្ត្រអន្តរជាតិទាំងនេះ ផ្តល់នូវការធានានិងទំនុកចិត្តដ៏សំខាន់ដែលថារង្វាស់រង្វាល់មានភាពត្រឹមត្រូវដែលផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់ពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន និងជួយយើងសម្រាប់ការប្រកួតប្រជែង។

មាត្រាសាស្ត្រ គឺជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀត ដែលពិភពលោកបានយកចិត្តទុកដាក់ជាពិសេសមាត្រាសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់យើង ជាអាទិ៍ ជួយគំាទ្រសុខុមាលភាព របស់ សង្គមទំនើប ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស ការផលិត និងការការពារអតិថិជន ដែលវាពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់នៅប្រចំាថ្ងៃរបស់មនុស្សជាតិ។ មាត្រាសាស្ត្រក៏ជាឆ្អឹងខ្នងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផ្តល់ការទុកចិត្តរបស់អតិថិជន និងជំនឿ ទុកចិត្តលើផលិតផលរបស់រោងចក្រ សហគ្រាសមធ្យម ឬតូច។ លើសពីនេះទៅទៀត ការប្រើរង្វាស់រង្វាល់ត្រឹមត្រូវបន្ថែមនូវតម្លៃដ៏ធំធេងចំពោះដំណើរការផលិតកម្ម ដោយកាត់បន្ថយតម្លៃ ប្រាក់ដើម មានការជឿទុកចិត្តកាន់តែខ្លាំង ឡើងក្នុងទីផ្សារទាក់ទងនឹងបរិមាណ ទម្ងន់ ចំណុះ តម្លៃ គុណភាព និងសុវត្ថិភាពនៃផលិតផល។

ការជំរុញវិស័យមាត្រាសាស្ត្រ គឺពិតជាគន្លឹះក្នុងការ ទាក់ទាញវិនិយោគិន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម នៅ ក្នុងប្រទេសកម្ពុជា បន្ថែមលើសពីនេះ វិស័យមាត្រាសាស្ត្រមានអត្ថប្រយោជន៍បន្ថែមទៀតដូចជា៖

*ធានាឱ្យការធ្វើពាណិជ្ជកម្មមានភាពយុត្តិធម៌ និងត្រឹមត្រូវ
*បង្កឱ្យការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រមានភាពត្រឹមត្រូវសុចរិត
*ធានាផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ផលិតផលទំនិញ និងសេវាកម្ម
*ធានាធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពទំនិញ ផលិតផល សេវាកម្ម និងគ្រប់គ្រង
*លុបបំបាត់របាំងបច្ចេកទេសដើម្បីឱ្យមានសុខដុមនីយកម្មក្នុងសកម្មភាពពាណិជ្ជកម្ម និង វិស័យ ផ្សេងៗ ទៀតដើម្បី សុខភាព សុវត្ថិភាព និងបរិស្ថាន
*សម្រួលការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ច។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលខុសត្រូវ និងបំពេញតួនាទីក្នុងការចង្អុលបង្ហាញដល់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ លើការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យាមាត្រាសាស្ត្រ ហើយក៏បាន ស្នើ សុំទៅ រាជរដ្ឋាភិបាលកម្ពុជាដើម្បី មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិបានចូលជារដ្ឋសមាជិករួមមាន៖

អង្គការនីត្យានុកូលមាត្រាសាស្ត្រ អន្តរជាតិ (Organisation Internationale de Métrologie Légale - OIML) អង្គការវេទិកានីត្យានុកូល មាត្រាសាស្ត្រអាស៊ីប៉ាស៊ីហ្វិក(Asia-Pacific Legal Metrology Forum - APLMF) អង្គការកម្មវិធីមាត្រាសាស្ត្រអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Metrolo gy Programme - APMP) ក្រុមការងារទី៣នៃគណៈកម្មាធិការពិគ្រោះយោបល់អាស៊ានស្ដង់ដារ និងគុណភាព(ASEAN Consultative Committee for Standards and Quality on Working Group 3 - ACCSQ WG3) និង ជាសមាជិកអង្កេតការណ៍ ក្នុងអង្គការ ការិយាល័យអន្តរជាតិទម្ងន់ និងរង្វាស់រង្វាល់ (Bureau International des Poids et Mesures-BIPM) ដែល អង្គការទាំងអស់នេះបានជួយកម្ពុជាឱ្យអនុវត្តការងារមាត្រាសាស្ត្រឱ្យស្របតាមបទដ្ឋានពិភពលោក និងតំបន់។

ទិវាមាត្រាសាស្ត្រពិភពលោក ទទួលស្គាល់ និងអបអរសាទរចំពោះការចូលរួមចំណែករបស់ប្រជាជនទាំងអស់ដែលធ្វើការពាក់ព័ន្ធជាមួយមាត្រាសាស្ត្រជាតិ និងអន្តររដ្ឋាភិបាលនៃវិទ្យាស្ថានមាត្រាសាស្ត្រជាតិនានា៕