(ភ្នំពេញ)៖ អ្នកជំនាញល្បីៗក្នុងវិស័យអចលនទ្រព្យកម្ពុជា សុទ្ធតែសម្លឹងឃើញពីការងើបឡើងវិញ នៃវិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជនមានចំនួនច្រើន។
ការសម្លឹងឃើញពីអនាគត របស់វិស័យអចលនទ្រព្យកម្ពុជា ពីសំណាក់អ្នកជំនាញនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងពេលកូវីដ១៩» របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom)។
លោក ច្រឹក សុខនីម ប្រធាន CVEA បានឲ្យដឹងថា «សម្រាប់វិស័យអចលនទ្រព្យ នៅដើមឆ្នាំ២០២២ នឹងមានសក្ដានុពល និងកំណើនឡើងវិញ ដោយសារតែនៅពេលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង នៅក្នុងថ្នាក់ជាតិ ពិភពលោក និងតំបន់ ដូច្នេះចរន្ដនៃការធ្វើដំណើរ របស់ប្រជាជនកម្ពុជា នឹងចាប់ផ្ដើមមានច្រើន ហើយការរៀបចំចាត់ចែង លើការធ្វើជំនួញនឹងចាប់ផ្ដើមឡើងវិញ»។
លោកបានបន្ថែមថា ប្រសិនបើការផុសផុលនៃកំណើន ការធ្វើវិនិយោគពាណិជ្ជកម្ម វិនិយោគលើវិស័យអចលនទ្រព្យ ពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវតែមានកំណើនខ្ពស់ជាងមុន ដោយសារតែលទ្ធភាពនៃការដោះដូរ ពីមួយឆ្នាំទៅមួយឆ្នាំចេះតែលូតលាស់ឡើងៗ ដូច្នេះទំហំនៃការវិនិយោគទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដោយមានការចូលមកវិនិយោគ ពីសំណាក់ជនបរទេស មកកាន់ប្រទេសកម្ពុជា អ្នកវិនិយោគទាំងនោះនឹងមើលឃើញពីទំនុកចិត្ត ឱកាសក្នុងការវិនិយោគ នឹងរីកចម្រើនខ្ពស់ជាងមុនផងដែរ។
លោកបន្ថែមថា ក្នុងទស្សនវិស័យនៃការវិនិយោគ របស់ប្រជាជនចិន ក្នុងទីផ្សារតំបន់អាស៊ាន ពិសេសការវិនិយោគនៅកម្ពុជា វិនិយោគិនចិន តែងប្រែតំបន់ណាមួយ ឲ្យទៅជាតំបន់ពាណិជ្ជកម្ម ឬតំបន់ដែលប្រមូលផ្ដុំដោយសហគមន៍ជនជាតិចិន ពិសេសក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ដូច្នេះការហុចសក្ដានុពល ក្នុងការវិនិយោគ យើងនឹងមើលឃើញក្នុងឱកាសនេះ។
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាល CVEA បានឲ្យដឹងថា ក្នុងអំឡុងនៃវិបត្តិកូវីដ១៩នេះ វិស័យដីធ្លីមានការថមថយបន្ដិចបន្ដួច ប៉ុន្ដែបន្ទាប់ពីគ្រប់គ្រងបានឡើងវិញ វិស័យដីធ្លីនឹងមានកំណើនលើសការរំពឹងទុក មានន័យថា អាចមានកំណើនខ្លាំងជាងល្អជាង១០ឆ្នាំកន្លងមកនេះ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមហ៊ុន CPL ក៏បញ្ជាក់ថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងលើចរន្ដទិញលក់។ ប៉ះពាល់ត្រង់ថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនេះ បានធ្វើឲ្យមានការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅមួយរយៈពេល ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ការទិញលក់ដីធ្លី ត្រូវមានការប្រស្រ័យទាក់ទងគ្នា ដូច្នេះការបិទក្រុងភ្នំពេញ និងតាខ្មៅនៅអំឡុងពេលនៃការផ្ទុះឡើងនេះ បានធ្វើឲ្យប៉ះពាល់លើការទិញលក់អចលនវត្ថុ។
លោកឧកញ៉ាបន្ថែមថា «ទោះជាមានបញ្ហានៃការប្រឈម នៃវិស័យអចលនទ្រព្យយ៉ាងណាក៏ដោយ ប៉ុន្ដែវិស័យដីធ្លីនៅតែមានដំណើរទិញដូរ ក្នុងអំឡុងពេលនៃការបិទខ្ទប់ មានការជាប់គាំងក៏ពិតមែន តែពេលលែងបិទខ្ទប់ ភ្លាមដំណើរការនៃការទិញ-ដូរនេះ ចាប់ផ្ដើមមានឡើងវិញជាហូរហែរ»៕