(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីណែនាំស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនឱ្យចូលមកទទួលទាន ក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ នេះតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីណែនាំដដែល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន និងវិធានការរដ្ឋបាលផ្សេងទៀតជាបន្តបន្ទាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។
ទន្ទឹមនេះរដ្ឋបាលខេត្ត សម្រេចដាក់ចេញគោលការណ៍ណែនាំបន្តទៀត ដើម្បីឈានទៅដល់ការកាត់ផ្តាច់ខ្សែចម្លង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដូចខាងក្រោម៖
*ទី១៖ គ្រប់ទីផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហា-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន៖ ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគនិងការវាស់កម្ដៅ ជាពិសេសអនុវត្តតាមវិធានការ «៣ការពា និង៣កុំ» របស់រាជរដ្ឋាភិបាលជាចាំបាច់ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
*ទី២៖ ចំពោះភូមិសាស្ត្រក្រុងតាខ្មៅ ការប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតអាជីវកម្មលក្ខណៈវេចខ្ចប់ ដោយបន្តផ្អាកទទួលអតិថិជនចូលទទួលទាននៅហ្នឹងកន្លែង សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
*ទី៣៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។
និងទី៤៖ បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមនេះ នឹងត្រូវបានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។
ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាខេត្តកណ្តាល ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងតាខ្មៅ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា អាជីវករ សាធារណជននិងប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕