(កណ្តាល)៖ ក្រោយពីមានករណីផ្ទុះមេរោគដ៏កាចសាហាវកូវីដ-១៩ នៅចំណុចភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល តាំងពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ពីអ្នកលក់ត្រី-បន្លែ ២ នាក់ប្តីប្រពន្ធ និងរីករាលដាលមកដល់ផ្សារព្រែកឃ្លោកនោះមក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល ក៏បានសម្រេចបិទផ្សារព្រែកឃ្លាកបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
បន្ទាប់ពីបិទផ្សារព្រែកឃ្លោក អាជ្ញាធរស្រុកស្អាងក៏បានធ្វើការពិនិត្យសំណាកអាជីវករ ៣២៩នាក់ ក្នុងនោះដែរ បានរកឃើញអាជីវករ ០៧នាក់ បានផ្ទុកមេរោគកូវីដ-១៩ រួចក៏បានយកអាជីវករទាំង ០៧នាក់នោះ ទៅព្យាបាលនៅមណ្ឌលវិទ្យាល័យស្អាង។
ក្នុងអំឡុងពេលបិទផ្សារព្រែកឃ្លោកបណ្តោះអាសន្ននេះ អាជ្ញាធរស្រុកស្អាង ក៏បានចុះណែនាំអាជីវករដែលរស់នៅសងខាងផ្លូវបរិវេណផ្សារព្រែកឃ្លោកឲ្យកាត់សំយាបផ្ទះ និងរុះរើសំយាបដែលក្រុមអាជីវករបានសង់លយមកលើចំណីផ្លូវ សម្រាប់ដាក់តាំងលក់អីវ៉ាន់ផ្សេងៗ ដើម្បីពង្រីកផ្លូវបញ្ចៀសការកកស្ទះចរាចរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរស្រុកស្អាង មានការចូលរួមពីលោកមេឃុំ និងប៉ុស្តិ៍រដ្ឋបាល ឃុំត្រើយស្លា បានចុះពិនិត្យវាស់វែងបាញ់ថ្នាំក្រហមកំណត់ទំហំផ្លូវដែលត្រូវកាត់។
ក្រោយធ្វើការវាស់វែង និងថ្នាំក្រហមកំណត់ទំហំផ្លូវរួចហើយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ បានដាក់គ្រឿងចក្រចំនួន ០២គ្រឿង មកឈូសឆាយតាមគំនូសថ្នាំពណ៌ក្រហមដែលក្រសួង សាធារណការបានបាញ់រួចហើយ។
លោក ប៉ាវ ប៉េង មេឃុំត្រើយស្លា បានថ្លែងថា ក្រសួងសាធារណការ បានយកគ្រឿងចក្រមកឈូសឆាយនេះ ពុំមានការជំទាស់ពីក្រុមអាជីវករក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវផ្សារព្រែកឃ្លោកទេ គឺក្រុមអាជីវករបានយល់ព្រមឲ្យអាជ្ញាធរឈូសឆាយ ប៉ុន្តែសូមឲ្យអាជ្ញាធរឈូសឆាយ និងការកាត់តម្រឹមផ្ទះពង្រីកផ្លូវត្រូវធ្វើឲ្យស្មើភាពគ្នា។
លោកមេឃុំក៏បានបញ្ជាក់ថា ក្រសួងសាធារណការបានធ្វើការវាស់វែងពង្រើកផ្លូវផ្សារព្រែកឃ្លោក ដោយកំណត់ទំហំផ្លូវមួយចំហៀង៧ម៉ែត្រ ទាំងសងខាងស្មើនឹង១៤ម៉ែត្រ ហើយអាជ្ញាធរធ្វើការឈូសឆាយនេះ គឺក្រុមអាជីវករផ្សារយល់ព្រមកាត់តម្រឹមដោយខ្លួនឯង ហើយរាល់ការប៉ះពាល់ទាំងអស់មិនទារសំណងពីអាជ្ញាធរនោះដែរ។
សូមរំលឹកថា ទីតាំងផ្សារព្រែកឃ្លោក គឺក្រុមអាជីវករបានតសំយាបលយចេញពីផ្ទះមកលើចំណីផ្លូវ ដើម្បីដាក់តាំងលក់ឥវ៉ាន់ផ្សេងៗសងខាងផ្លូវ ហើយផ្លូវមានសភាពតូចចង្អៀត ដូច្នេះហើយធ្វើឲ្យប៉ះពាល់អ្នកធ្វើដំណើរឆ្លងកាត់ កកស្ទះចរាចរស្ទើរតែរៀងរាល់ថ្ងៃ៕