(ភ្នំពេញ)៖ ករណីបោកគ្រាប់បែកដ៏កក្រើកមួយ នៅវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ពោលជិត៧ឆ្នាំកន្លងទៅ នៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៥នាក់ រហូតមកដល់ពេលនេះ ក្រុមជនរងគ្រោះមិនទាន់បានទទួលសំណងនៅឡើយទេ បើទោះបីមេក្លោងជាអតីតចៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងបក្ខពួក៣នាក់ទៀត ត្រូវបានចាប់ខ្លួន ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី៣០ឆ្នាំ ទៅមួយជីវិតក៏ដោយនោះ។

លោក សន ស៉ិន ដែលបច្ចុប្បន្នជាតួនាទីជាចៅសង្កាត់គោករកា ព្រមទាំងក្រុមគ្រួសាររបស់លោក ដែលរួចផុតពីការស្លាប់នៃអំពើបោកគ្រាប់បែក កាលពីជិត៧ឆ្នាំមុនកន្លងទៅនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក៏បានដាក់ពាក្យសុំអន្ដរាគមន៍ ទៅកាន់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជួយជំរុញ និងពន្លឿននីតិវិធីដល់សាលាដំបូងរាជធានីភ្នំពេញ នៃការទាមទារសំណងជំងឺចិត្តប្រកបដោយយុត្តិធម៌ និងឆាប់រហ័ស។

សូមបញ្ជាក់ថា នៅក្នុងសំណុំរឿងបោកគ្រាប់បែក ប៉ុនប៉ង និងបានស្លាប់មនុស្ស និងធ្វើឲ្យរបួសជិត១០នាក់ខាងលើនេះ បង្កឡើងដោយឈ្មោះ ភី ណុប អតីតចៅសង្កាត់គោករកា និងបក្ខពួក៣នាក់ផ្សេងទៀត ប៉ុន្ដែក្រោយអំពើនេះកើតឡើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្ដបន្ទាប់ ហើយត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ និងបានប្រកាសសាលក្រមចប់ជាស្ថាពរ ដោយសម្រេចដាក់ពន្ធនាគារ ពី៣០ឆ្នាំ ទៅមួយជីវិត។

ក្រោយការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូលក៏បានចេញសាលដីកា សម្រេចឲ្យមេក្លោង និងបក្ខពួកសរុប៤នាក់នេះ ជាប់ពន្ធនាគារដដែលរួមមាន៖ ឈ្មោះ ភី ណុប ដែលជាមេក្លោង ជាប់ពន្ធនាគារមួយជីវិត, ឈ្មោះ នួន សំរិត ហៅម៉ាប់ ជាជនដៃដល់ជាប់ពន្ធនាគារមួយជីវិត, ឈ្មោះ ពៅ ប៊ុនធឿន និងឈ្មោះ អេង ប៉ូលីន ជាប់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ។

អំពើបោកគ្រាប់បែកនេះ បណ្ដាលឲ្យកូនរបស់លោក សន ស៉ិន ម្នាក់បានស្លាប់ និងសមាជិកគ្រួសារពី៥ ទៅ៦នាក់ទៀត រងរបួសក្នុងចំណោមមនុស្សជាង១០នាក់ ដែលកំពុងអង្គុយហូបបាយជុំគ្នា ហើយត្រូវបានជនដៃដល់ឈ្មោះ នួន សំរិត គប់គ្រាប់បែកចូល បណ្ដាលឲ្យផ្ទុះតែម្ដង។

យោងតាមពាក្យបណ្តឹងអន្តរាគមន៍ដាក់ជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ក្រុមជនរងគ្រោះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ឈ្មោះ សន ស៊ុន ភេទប្រុស អាយុ៥៨ឆ្នាំ ,ឈ្មោះ ឃុំ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ,ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ៤២ ឆ្នាំ, ឈ្មោះ ឌុន សុខ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចន្ថា រ៉ាពីដ ភេទប្រុស អាយុ៣១ឆ្នាំ មានអាស័យដ្ឋានភូមិសែនសុខ២ សង្កាត់ឈ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ បានស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយជំរុញនីតិវិធី នៃរឿងក្តីទាមទារសំណងជំងឺចិត្តឱ្យដំណើរការប្រកបដោយយុត្តិធម៌ និងឆាប់រហ័ស។

ក្រុមជនរងគ្រោះបានបញ្ជាក់ថា «កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ មានករណីហេតុការណ៍បោកគ្រាប់បែកប្រព្រឹត្តដោយទណ្ឌិតជាអតីតចៅសង្កាត់គោករកាឈ្មោះ ភី ណុប និងបក្ខពួកនៅចំណុចភូមិសែនសុខ២ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រហូតមកដល់ពេលនេះមានរយៈពេលជិត៧ឆ្នាំ មកហើយតែពួកយើងខ្ញុំមិនទាន់ទទួលបានសំណងជំងឺចិត្តនៅឡើយទេ។ ដោយសារហេតុការណីបោកគ្រាប់បែកដ៏ឃោឃៅ រន្ធត់នេះ បានធ្វើឱ្យយើងខ្ញុំទទួលរងនូវការឈឺ
ចាប់ទាំងរាងកាយ និងផ្លូវចិត្ត ពីព្រោះត្រូវបានបាត់បង់សមាជិកគ្រួសារដែលជាទីស្រលាញ់ត្រូវជាកូន ជាប្អូននិងសាច់ញាតិ។ ចំណែកជនរងគ្រោះនៅរស់បានបាត់បង់សុខភាពផ្លូវកាយផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទាំងស្រុងដោយធ្លាក់ខ្លួនរស់នៅ ក្នុងពិការភាពអស់មួយជីវិត។ ការរស់នៅសព្វថ្ងៃរងលំបាកវេទនាស្ទើរស់ស្ទើស្លាប់ ស្មារតីទន់ខ្សោយមិនដឹងអី ជួនថ្ងៃខ្លះសន្លប់ ជួនថ្ងៃខ្លះដឹងខ្លួន ដោយសារការត្រូវអំបែងគ្រាប់បែកខ្ទាតចូល និងត្រូវទទួលឥទ្ធិពលសារធាតុជាតិគីមី ដែលមានក្នុងគ្រាប់បែកចូលសព្វក្នុងរាងកាយទាំងអស់ និងត្រូវទៅមន្ទីរពេទ្យរាងរាល់ខែ ដើម្បីពិនិត្យព្យាបាល និងបើកថ្នាំ»

ក្រុមជនរងគ្រោះបានបន្តទៀតថា «តាមរយៈសាលដីកាតុលាការកំពូលអតីតចៅសង្កាត់គោករកាឈ្មោះ ភី ណុប និងបក្ខពួក ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឱ្យសងជំងឺចិត្តជាប្រាក់ មកឱ្យពួកយើងខ្ញុំ។ ផ្ទុយទៅវិញ រហូតមកទល់ពេលនេះ ពួកយើងខ្ញុំនៅតែមិនទាន់ទទួលបាននូវសំណងនោះឡើយ បើទោះបីជារឿងរ៉ាវនេះបានកើតឡើងជិត៧ឆ្នាំ។ ដូច្នេះពួកយើងខ្ញុំ ទទូចសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជម្រុញសាលាដំបូងរាជធានីភ្នំពេញ ពន្លឿនរឿងក្ដីទាមទារសំណងនេះ ដើម្បីឱ្យពូកយើងខ្ញុំបានទទួលនូវសំណងជំងឺចិត្តនេះ តាមអំណាចសាលដីកាស្ថាពរតុលាការកំពូល ឱ្យបានឆាប់បំផុត ពីព្រោះយើងខ្ញុំរង់ចាំយុត្តិធម៌នេះ យូរមកហើយ»

យោងរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានការបោកគ្រាប់បែកនេះដោយសារតែឈ្មោះ ភី ណុប មានគំនុំជាមួយឈ្មោះ សន ស៊ិន ពីរឿងសន្លឹកឆ្នោត ក៏មានបំណងចង់សម្លាប់ឈ្មោះ សន ស៊ិន ហើយបានមកពឹងឈ្មោះ ពៅ ប៊ុនធឿន ដើម្បីរកជនដៃដល់ណាដែលហ៊ានធ្វើឃាតលើឈ្មោះ សន ស៊ិន។ បន្ទាប់មកឈ្មោះ ពៅ ប៊ុនធឿន ក៏បានមកជួបឈ្មោះ នួន សំរិទ្ធ ក្នុងតម្លៃ ៥.០០០ដុល្លារ ឲ្យទៅធ្វើឃាតជនរងគ្រោះ ដោយឈ្មោះ ពៅ ប៊ុនធឿន បាននាំឲ្យទៅស្គាល់ផ្ទះឈ្មោះ សន ស៊ិន និងបានប្រគល់គ្រាប់បែកមួយគ្រាប់ ដែលខ្លួនមិនដែលស្គាល់ម៉ាកឲ្យទៅឈ្មោះ នួន សំរិទ្ធ ព្រមទាំងប្រាប់ទៅឈ្មោះ នួន សំរិទ្ធ ពីវិធីប្រើប្រាស់គ្រាប់
បែកផងដែរ។

របាយការណ៍បានបន្តទៀតថា លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឈ្មោះ នួន សំរិទ្ធ និងឈ្មោះ អេង បូលីន បានជិះម៉ូតូមួយគ្រឿង ដោយឈ្មោះ អេង បូលីន ជាអ្នកបើក និងឈ្មោះ នួន សំរិទ្ធ ជាអ្នកជិះពីក្រោយ។ ពេលជិះម៉ូតូដល់មុខផ្ទះជនរងគ្រោះ ឈ្មោះ នួន សំរិទ្ធ ក៏បានបោះគ្រាប់បែកចូលទៅមុខផ្ទះជនរងគ្រោះឈ្មោះ សន ស៊ិន ខណៈដែលជនរងគ្រោះកំពុងអង្គុយជុំគ្នាហូបបាយពេលល្ងាច ក៏បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ និងរបួសចំនួន៥នាក់ ផ្សេងទៀត។ ក្រោយពីធ្វើសកម្មភាពរួចរាល់ហើយ ជនជាប់ចោទទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់តែម្តង៕