(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកម្លាំងនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន១៤៥នាក់ ដែលបានវិលត្រឡប់មកពីបំពេញបេសកកម្ម ក្នុងប្រតិបត្តិការដឹកពលករខ្មែរមកពីប្រទេសថៃ នៅច្រកព្រំដែនអូរស្មាច់ខេត្តឧត្តរមានជ័យ និងច្រកព្រំដែនដូង ក្នុងខេត្តបាត់ដំបង អស់រយៈពេល៥ខែកន្លងមក។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកម្លាំងប្រតិបត្តិដឹកពលករខ្មែរមកពីប្រទេសថៃ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ តាមរយៈនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ម៉ាស ១ប្រអប់, សាប៉ូ ៤ដុំ, ថវិកា ១០០,០០០រៀល និងម៉ាសចំនួន ២៥,០០០សន្លឹកបន្ថែមទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនកងទ័ព កងកម្លាំងប្រតិបត្តិដឹកពលករខ្មែរមកពីប្រទេសថៃ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបំពេញភារៈកិច្ចជូនជាតិ នៅតាមបន្ទាត់ព្រំដែនអស់រយៈពេល១៥០ថ្ងៃ ស្នើនឹង៥ខែកន្លងមកនេះ។
នាយឧត្តមសេនីយ៍ បានថ្លែងទៅកាន់បងប្អូនកងទ័ពថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ចំពោះ បងប្អូនកងទ័ពគ្រប់កាលៈទេសទាំងអស់ អំណោយដ៏ថ្លៃថ្លារបស់សម្តេច ដែលបានចែលជូននៅពេលនេះ គឺជាលើកទឹកចិត្តចំពោះកងកម្លាំង ដែលបានខិតខំបំពេញភារៈកិច្ច ប្រកបដោយជោគជ័យកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ជំនួសមុខជូនមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនអំណោយដ៏ថ្លៃថ្លានេះ ចែកជូនបងប្អូនកងទ័ពដែលបានវិលត្រឡប់មកពីបំពេញភារៈកិច្ចវិញនៅតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងគណៈប្រតិភូទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះមកសួរសុខទុក្ខកងទ័ពទាំងអស់ ដែលនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវស្មារតីផ្សារភ្ជាប់ ជាប្រចាំនូវមនោសញ្ចេតនា សាមគ្គីភាព ភាតរភាព និងគិតគូរយកចិត្តទុកដាក់ដល់សុខភាព សុខទុក្ខ ជីវភាពរស់នៅរបស់កងទ័ពធ្វើឲ្យកងទ័ពទាំងអស់ គ្រប់លំដាប់ថ្នាក់
កោតសរសើរ និងយកចិត្តទុក្ខដាក់ពង្រឹងវិន័យកងទ័ព បង្កើននូវការអនុវត្តន៍ការងារបានសម្រេចលទ្ធផលល្អ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បន្ទាប់ពីទទួលបញ្ជាពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ បានបញ្ជាឲ្យ រថយន្ត Dong Feng ចំនួន៩០គ្រឿង និងកម្លាំងចំនួន ១៤៥នាក់ ចុះបំពេញបេសកកម្មដឹកពលករចំណាកស្រុកពីថៃ មកប្រទេសកម្ពុជា ក្នុងទិសព្រំដែន ច្រកដូង ខេត្តបាត់ដំបង និងទិសព្រំដែន ច្រកអូរស្មាច់ខេត្តឧត្តរមានជ៍យ ហើយគិតមកទល់ពេលនេះ គឺស្មើរយៈពេល៥ខែ ក្រុមប្រតិបត្តិបានដឹកពលករសរុបបានចំនួន ៤១,០៩៥នាក់ សរុបចំនួនជើងរថយន្ដស្មើនឹង ៣,១៩៣ជើង៕