(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលកំពុងមានរឿងក្តីក្តាំដ៏កក្រើកជាមួយឧកញ៉ា ហេង សៀ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជម្លោះជាមួយឧកញ៉ា ហេង សៀ។
កញ្ញា មាន ពេជ្ររីតា បានបំភ្លឺយ៉ាងដូច្នេះថា៖
នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន ០៧ នាក់ មកនាំខ្លួនដោយគ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំភ្លឺតែ១ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាលជាបុរស០៣នាក់ បានបង្ខំសាកសួរយកចម្លើយអស់រយៈពេល០៣ថ្ងៃ០៣យប់ ដោយមិនឲ្យនាងខ្ញុំត្រលប់មកផ្ទះវិញទេ និងបានបញ្ជូនបន្តមកតុលាការ សាកសួរចម្លើយ ជាបន្តបន្ទាប់។
ស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច តក់ស្លុត អត់ងងុយ និងអារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេចភ្លាំង រកនឹកអ្វីមិនឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឱ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូនចៅក្រមស៊ើបសួរ បានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់នៅឡើយ។ ក្រោយពេលនាងខ្ញុំទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ពីសំណាក់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាងខ្ញុំទទួលអាម្មរណ៍កក់ក្តៅ និងមានស្មារតីនឹងនរឡើងវិញ ហេតុនេះហើយទើបនាងខ្ញុំសុំធ្វើការឆ្លើយបំភ្លឺបន្ថែម ដូចខាងក្រោម៖
នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា អោយមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ។
ដោយផ្លូវខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួលយកអំណោយសម្ភារៈ ដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ។ ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាងខ្ញុំឡើងឡានជាមួយគាត់សិន ប៉ុន្តែនាងខ្ញុំបានប្រកែក ដោយប្រាប់គាត់ថា នាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ហើយត្រលប់ទៅវិញ ម្យ៉ាងទៀតនាងខ្ញុំក៏ត្រូវទៅលាងសក់ដែលកំពុងអប់។ នៅពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំអោយឡើងឡានតែមួយភ្លែត ដោយគាត់ចង់និយាយការងារជាមួយ(រឿងធ្វើជាពិធីការនីក្នុងកម្មវិធីសម្ពោធរោងចក្រ)។ នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំ ក៏បានឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅកៅអីខាងមុខ(ផ្នែកខាងស្តាំអ្នកបើក)។
ពេលនាងខ្ញុំចូលអង្គុយក្នុងឡាន ស្រាប់តែឈ្មោះ ហេង សៀ បានបើកឡានថយចេញទៅផ្លូវធំតែម្តង ហើយចាប់ផ្តើមនិយាយពាក្យមិនសមរម្យ ដោយថា ប្រដាប់ភេទគាត់ឡើង គាត់ចង់រួមភេទខ្លាំងណាស់ និងចង់នាំនាងខ្ញុំទៅផ្ទះសំណាក់ ដើម្បីរូមភេទជាមួយគាត់ និងបាននិយាយថាប្រពន្ធគាត់មិនព្រម អោយគាត់រួមភេទជាមួយទេ តាំងពីចាក់វ៉ាក់សាំងកូវីដមកម៉្លេះ។ ពេលនោះនាងខ្ញុំបានប្រកែកដាច់អហង្ការ និងទាមទារអោយគាត់យកនាងខ្ញុំត្រលប់មកកន្លែងដើមវិញ ប៉ុន្តែគាត់មិនព្រម ហើយថែមទាំងលូកលាន់នាងខ្ញុំ។ នាងខ្ញុំបានប្រាប់គាត់កុំឱ្យធ្វើបែបនេះទៀត ខ្ញុំចង់ទៅផ្ទះ បើនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំនឹងបើកទ្វាឡានលោតចេញ។ ពេលនោះគាត់បានឈប់ឡានបន្តិច ហើយបានចាប់ទាញដៃនាងខ្ញុំជាប់ និងបានគម្រាមនាងខ្ញុំថា គាត់មានកាំភ្លើង នាងខ្ញុំមានអារម្មណ៍តក់ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូកលាន់បាន។
ឈ្មោះ ហេង សៀ បានបន្តបើកឈប់ៗ ហើយក៏បានឈប់នៅផ្លូវលំតូច ដែលជាកន្លែងស្ងាត់ គាត់បានបន្ត គម្រាមនាងខ្ញុំមិនឱ្យចុះពីឡាន ដោយប្រាប់ថាឲ្យប្រយ័ត្ន គាត់មានកាំភ្លើង។ នាងខ្ញុំពុំបានឃើញកាំភ្លើងទេ តែឈ្មោះ ហេង សៀ បានធ្វើសកម្មភាពដូចកំពុងរាវរកកាំភ្លើង ដែលនាំអោយនាងខ្ញុំកាន់តែភិតភ័យ ហើយឈ្មោះ ហេង សៀ ក៏បានធ្វើសកម្មភាពបន្តលូកស្ទាបគល់ភ្លៅ និង បំពានមកលើរាងកាយរបស់នាងខ្ញុំ តែនាងខ្ញុំព្យាយាមរើបំរាស់ និងប្រាប់អោយគាត់កុំធ្វើអញ្ចឹង តែគាត់នៅតែបំពានទាំងកំរោលមកលើនាងខ្ញុំដដែលៗ។ ការព្យាយាមម្តងហើយម្តងទៀត ម្តងលួងលោម ម្តងសំឡុតគំរាម និងបំពារបំពាននោះ មានរយៈពេលយូរក្រែលដែរ។
ដោយមិនអាចមានលទ្ធភាពបើកទ្វារឡានខាងមុខចេញបាន និងដោយសារកៅអីខាងមុខនេះ វានៅកៀកដៃរបស់គាត់ពេក ពេលនោះនាងខ្ញុំក៏បានស្ទុះមកកៅអីខាងក្រោយ ហើយឈ្មោះ ហេង សៀ ក៏បានលូកចាប់ជើងរបស់នាងខ្ញុំ ធ្វើអោយនាងខ្ញុំដួលទៅកៅអីខាងក្រោយ និងជាប់ជើងនៅចន្លោះកណ្តាលកៅអី។ ពេលនោះហើយដែលជាឱកាស សម្រាប់ឈ្មោះ ហេង សៀ បន្តបំពានកាន់តែខ្លាំងមកលើរាងកាយនាងខ្ញុំ ដោយបន្តលូកដៃទាញសំពត់ ក្នុងបំណងសម្រាតនាងខ្ញុំ។ នាងខ្ញុំកាន់តែតក់ស្លុត ចំពោះទង្វើដ៏កំរោលរបស់គាត់ ដែលនៅតែបន្តបំពារបំពានមកលើរូបនាងខ្ញុំ ទើបនាងខ្ញុំនឹកឃើញ និងស្រវេស្រវាយកកាំបិតពីក្នុងកាបូប មកក្រវាសចុះក្រវាសឡើង បំណងការពារកុំឲ្យឈ្មោះ ហេង សៀ នេះ រំលោភបានផង និងធ្វើយ៉ាងណាអោយតែបានបើកទ្វារចេញរួចពីក្នុងឡាន។
នៅពេលខ្ញុំវាសកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផង និងមិនមានស្មារតីនឹងនរទាល់តែសោះ។ នៅពេលឈ្មោះ ហេង សៀ ដកខ្លួនថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់យកទូរស័ព្ទនៅក្បែរដៃ ដោយគិតថាជាទូរស័ព្ទរបស់ខ្លួនឯង ជ្រុះធ្លាក់។ នាងខ្ញុំក៏បានប្រញាប់បើកទ្វារឡានចុះចេញទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ បកក្រោយដោយពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណាទេ នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ ។
នាងខ្ញុំសូមបញ្ជាក់ជូនថា ៖
ការដាក់កូនកាំបិតក្នុងកាបូបនេះ គឺដាក់ជាប់ជាប្រចាំ សម្រាប់ប្រើប្រាស់ពេលមានតម្រូវការ នេះជាទម្លាប់របស់មនុស្សស្រី។
ពេលត្រលប់មកដល់ផ្ទះវិញ នៅពេលនាងខ្ញុំយកទូរស័ព្ទមកចុចស្រាប់តែជាប់ Password ទើបនាងខ្ញុំបានដឹងថា បានយកទូរស័ព្ទច្រឡំ ប៉ុន្តែនាងខ្ញុំមិនអាចទាក់ទងទៅឈ្មោះ ហេង សៀ ពីរឿងទូរស័ព្ទនេះទេ ព្រោះឈ្មោះនេះទើបតែប៉ុនប៉ងរំលោភនាងខ្ញុំ។ ដោយពុំដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះទូរស័ព្ទនេះ ទើបនាងខ្ញុំទុកទូរស័ព្ទនេះចោលក្នុងទូរ និងមិនបានប៉ះពាល់ ឬប្រើប្រាស់អ្វីទាំងអស់។
នៅថ្ងៃទី០៨ ទើបនគរបាលខណ្ឌទួលគោក បានមកល្បួងនាំខ្លួននាងខ្ញុំឲ្យទៅប៉ុស្តិ៍ ដោយប្រាប់ថាមានបណ្តឹងរបស់ឈ្មោះ ហេង សៀ ថានាងខ្ញុំបានលួចយកទូរស័ព្ទនិងចាក់គេ ហើយបានឃាត់ខ្លួននាងខ្ញុំ រយៈពេល០៣ថ្ងៃ០៣យប់ រួចទើបបញ្ជូនមកតុលាការតែម្តង។
ពេលនាងខ្ញុំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចោទថា លួចទូរស័ព្ទ នាងខ្ញុំក៏បានប្រាប់រឿងរ៉ាវនេះទៅម្តាយ, ម្តាយនាងខ្ញុំក៏បានរកឃើញទូរស័ព្ទនេះ ហើយដោយពុំដឹងថា ត្រូវធ្វើដូចម្តេច ម្តាយនាងខ្ញុំក៏បានទៅពិភាក្សាជាមួយលោក ដេវីដ ឆាណា យវា ដែលបងប្អូនណែនាំអោយស្គាល់ ហើយគាត់ក៏បានផ្ញើទូរស័ព្ទនោះ ទុកនៅនឹងពូដេវីដនោះសិនទៅ។ បច្ចុប្បន្នទូរស័ព្ទនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចលោកពូ ឆៃ ស៊ីណារិទ្ធ រួចហើយ។
រាល់ការចោទប្រកាន់ថានាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លាប់បានរួមភេទជាមួយនាងខ្ញុំ ២-៣ដង និងថានាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កាច់ដោយព្រៃផ្សៃថោកទាប និងមើលងាយដល់ស្ត្រីភេទទន់ខ្សោយ អមនុស្សធម៌បំផុត របស់បុគ្គលល្មោភកាម ហេង សៀ នេះ ។
ជាការពិតនាងខ្ញុំ ពុំដែលមានទំនាក់ទំនងស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា ។
នាងខ្ញុំ បានសុំអោយលោកចៅក្រមស៊ើបសួរសម្រេច លើកលែងចោទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថានាងខ្ញុំពុំមានចេតនាចាក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជាកម្មសិទិ្ធរបស់នាងខ្ញុំ ដូចការចោទប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយកកាំបិតនេះមកក្រវាសចុះឡើង ដើម្បីការពារខ្លួនឲ្យបានរួចផុតពីអំពើ ដ៏ឃោឃៅព្រៃផ្សៃថោកទាបបំផុត និងពីការប៉ុនប៉ងរំលោភនាងខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះប៉ុណ្ណោះ។
នាងខ្ញុំក៏បានប្រាប់តុលាការដែរថា រាល់ទង្វើល្មើស បំពារបំពានមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹងបុគ្គលនោះវិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ។
នាងខ្ញុំសូមគោរពជម្រាបជូនថ្នាក់ដឹកនាំ «សម្តេចតេជោសន្តិភាពយុត្តិធម៌» ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សាធារណ:ជន និងពុកម៉ែបងប្អូន មេត្តាជ្រាប និងជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំ និងស្ត្រីទន់ខ្សោយទូទៅទូទាំងប្រទេសផង។