(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា បានស្នើឲ្យក្រសួងជំនាញពាក់ព័ន្ធ ពន្លឿនការបង្កើតមជ្ឈមណ្ឌលប្រមូលត្រី ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលរវាងអ្នកចិញ្ចឹម និងទីផ្សារ។
លោកបន្តថា ការចឹញ្ចឹមត្រីក្នុងស្រុក មានភាពល្អប្រសើរ និងមានទិន្នផលច្រើនពីគ្រប់ទិសទី ដោយឡែកចំពោះទីតាំងប្រមូលទិញទិន្នផលជលផលវិញ នៅមិនទាន់មាន ដែលជាហេតុធ្វើឲ្យមានការលំបាក ដល់អ្នកចិញ្ចឹមក្នុងស្រុក ក៏ដូចជាទីផ្សារផ្គត់ផ្គង់ផងដែរ។
លោកបញ្ជាក់ថា កន្លងមកសមាគមវារីវប្បករកម្ពុជា ក៏បានស្នើសុំ និងពិភាក្សាជាមួយក្រសួងកសិកម្ម ហើយក្រសួងក៏បានយល់ស្របថា គួរតែបង្កើតមជ្ឈមណ្ឌលប្រមូលទិញត្រី ពីបងប្អូនវារីវប្បករ ដោយក្នុងនោះមានការប្រមូលទិញត្រី ដែលឈ្មួញកណ្ដាលប្រមូលយកមកដាក់លក់ និងមានរថយន្តសម្រាប់ចែកចាយបន្ត ដល់អាជីវករតាមផ្សារផងដែរ។
លោកបានបញ្ជាក់ទៀតថា «កាលពីពេលមុន ក្រសួងកសិកម្មបានឲ្យដឹងថា មានឧកញ៉ា [អ្នកឧកញ៉ា លី យ៉ុងផាត់] ចង់ប្រគល់ដីចំនួន២ហិចតា ដើម្បីបង្កើតទីតាំងមជ្ឈមណ្ឌលប្រមូលទិញត្រីពិតមែន ហើយសមាគមវារីវប្បករកម្ពុជាក៏ត្រេកអរផងដែរព្រោះថា បច្ចុប្បន្នបងប្អូនវារីវប្បករយើង មានការចិញ្ចឹមត្រីច្រើនណាស់ ក្រោយពីមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឲ្យផលិតស្បៀង យើងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតដល់មានការកកស្ទះលក់មិនចេញ ដូចជាអ្នកចិញ្ចឹមខ្នាតតូច-មធ្យម និងខ្នាតធំ មិនមានលទ្ធភាពប្រមូលចាប់ត្រី យកមកលក់នោះទេ»។
លោកបានបន្តថា «ដូច្នេះត្រូវមានបណ្ដាញ និងមជ្ឈមណ្ឌល (យឿត្រី) ដើម្បីចែកចាយបន្ត ព្រោះការបង្កើតឲ្យមានការចែកចាយបន្តរវាងអ្នកចិញ្ចឹម និងទីផ្សារនេះ គឺពិតជាសំខាន់ខ្លាំង។ កាលណាយើងផលិតត្រីបានមក ហើយអត់កន្លែងលក់ និងគ្មានអ្នកទៅចាប់ដល់ទីតាំងចិញ្ចឹម នោះនឹងធ្វើឲ្យមានការកកស្ទះផលិតផល ដូចជាពេលមុនផងដែរ»។
លោកបន្ថែមថា ចំពោះបញ្ហានេះសមាគមក៏បានគិតផងដែរ ប៉ុន្ដែដោយសារសមាគមមិនមែនជាអ្នករកស៊ីធ្វើអាជីវកម្ម ឬរកប្រាក់ចំណេញទេ ដូច្នេះសមាគមមិនមានឥទ្ធភាព ឬទុនសម្រាប់វិនិយោគទៅលើបញ្ហានេះទេ។ តែខាងសមាគមគិតថា ត្រូវតែមានទីផ្សារមួយ និងត្រូវមានបណ្ដាញដូចជារថយន្តដើរដឹកទិន្នផល ដែលអ្នកចិញ្ចឹមផលិតបាន យកមកដាក់លក់នៅក្នុងកន្លែងមជ្ឈមណ្ឌលដែលបង្កើតនោះ។
លោកបន្ថែមទៀតថា នៅពេលមានមជ្ឈមណ្ឌលហើយ សមាគមក៏គ្រោងនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលលក់ផលិតផលក្នុងស្រុកទៀត ហើយនៅពេលដែលសមាជិកយកត្រី ដែលផលិតបានមកដាក់លក់ គឺត្រូវឆ្លងកាត់ការពិនិត្យពីសមាគមត្រឹមត្រូវ។
លោកក៏សូមអំពាវនាវដល់ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យមានមធ្យោបាយ ក្នុងការប្រមូលទិញផលិតផលជលផល របស់បងប្អូនយកមកដាក់លក់ និងមានបណ្ដាញចែកចាយទូទៅ។ ចំពោះបងប្អូនអ្នកចិញ្ចឹមក៏សូមរក្សា ក៏ដូចជាបង្កើនបច្ចេកទេសល្អៗបន្ថែម ដើម្បីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកផង និងឈានដល់នាំចេញក្រៅស្រុកផងដែរ៕