Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាភូមិន្ទរដ្ឋបាល នាំយកអំណោយជាស្បៀងចែកជូនដល់ប្រជាពលរដ្ឋប្រកបរបរជាងសំណង់ និងរើសអេតចាយ១៥០គ្រួសារ នៅតំបន់បិទខ្ចប់ ក្នុងសង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ចោមចៅ២

20-05-2021 13:18

(ភ្នំពេញ)៖ លោកនាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងនាំយកអំណោយជាស្បៀងចែកជូន ប្រជាពលរដ្ឋដែលប្រកបរបរជាជាងសំណង់ និងអ្នករើសអេតចាយប្រមាណ ៧០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ចប់ នៃសង្កាត់ស្ទឹងមានជ័យ១ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងការរីករាលដាលនៃជំងឺកូវីដ១៩។

កម្មវិធី នៃគម្រោង «រួមជួយដើម្បីរីករាយទាំងអស់គ្នា ក្នុងពេលកូវីដ១៩» នៃសាលាភូមិន្ទរដ្ឋបាល ដែលរៀបចំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីគណៈគ្រប់គ្រង ក្រុមប្រឹក្សា សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម ដើម្បីប្រគល់សម្ភារមួយចំនួន ជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ និងសង្កាត់ចោមចៅ២ ចំនួន១៥០នាក់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

លោក យក់ ប៊ុនណា បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលសាលាភូមិន្ទរដ្ឋបាល បាននាំយកអំណោយជាស្បៀងចែកជូន ដល់បងប្អូនដែលប្រកបរបរជាជាងសំណង់ និងអ្នករើសអេតចាយ ប្រម៉ាណ៧០គ្រួសារដែល ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្នុងកំឡុងការរីករាលដាលនៃជំងឺកូវិដ១៩។

ក្នុងឱកាសនេះលោក យក់ ប៊ុនណា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋក្នុង មូលដ្ឋាននីមួយៗ ពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

លោកនាយក ក៏បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញ ពីព្រឹត្តិការណ៍២០កុម្ភៈ។ ដូច្នេះក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវអត់ធ្មត់ និងគោរពវិធានការបិទខ្ទប់នេះមួយរយៈពេលខ្លី ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតាដូចមុនវិញ។

លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា អំណោយរួមមាន៖ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ពងទា និងសាប៊ូ៕