(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ ទើបវិលត្រលប់មកពីខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។
យោងតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា បុរសឈ្មោះ ពេជ តឿន អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានមុខរបរសន្តិសុខកាស៊ីណូជីនប៉ី នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលម៉ាក SIENNA ពណ៌ស មិនចាំស្លាកលេខនៅចំណតរថយន្តឯករាជ្យ រហូតមកដល់ស្រុកកំណើត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ១៩ ទៅយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្តរហ័សនៅអតីតយានដ្ឋាន MR SO លទ្ធផលវិជ្ជមានកូវីដ១៩។
ចំពោះអ្នកប៉ះពាល់ផ្ទាល់មានចំនួន០២នាក់ ស្រី០១នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត បានដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ខេត្ត សូមអំពាវនាវដល់បងប្អូន ដែលបានធ្វើដំណើរតាមរថយន្តខាងលើនេះ គិតចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងប៉ុស្តិ៍ យកសំណាកដែលនៅជិតផ្ទះ ហើយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ។
រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៩៧ ៥០៣ ៤៥៦៧ /០៤៤ ៧១២ ៥២២។
សូមជម្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៤០៤នាក់ ស្រី១៦៨នាក់ ករណីជាសះស្បើយចំនួន ៣៣១នាក់ ស្រី ១៣៣នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៦៧នាក់ ស្រី ៣៣នាក់ និងករណីស្លាប់ចំនួន ០៥នាក់ ស្រី ០២នាក់៕