Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ករណីពុលស្រាសនៅស្រុកល្វាឯម ខេត្តកណ្តាល អ្នកស្លាប់កើនឡើង១២នាក់, អ្នកផលិតស្រាបាននាំគ្រួសារគេចខ្លួនបាត់ រីឯពាក់ព័ន្ធ៩នាក់ ត្រូវនគរបាលនាំខ្លួនទៅសួរនាំ ​(Video inside)

20-05-2021 12:59

(កណ្ដាល)៖ ករណីពុលស្រាស នៅស្រុកល្វាឯម ខេត្តកណ្តាល រហូតមកដល់យប់ថ្ងៃទី១៩ ខែឧសភា បានបណ្តាលឱ្យមនុស្សចំនួន១២នាក់ហើយបានស្លាប់ និងកំពុងព្យាបាលក្នុងកម្រិតធ្ងន់ចំនួន៣នាក់ នៅមន្ទីរពេទ្យរុស្ស៉ី រីឯអ្នកផលិតស្រាសឈ្មោះ ប៊ូ ស៊ន បាននាំសមាជិកគ្រួសារ ៣នាក់គេចខ្លួនបាត់។ ចំណែកមនុស្ស៩នាក់ពាក់ព័ន្ធនឹងករណីត្រូវបាននគរបាលខេត្តកណ្ដាល នាំខ្លួនទៅសួរនាំហើយ។ នេះបើតាមលោក កន សុកកាយ អភិបាលស្រុកល្វាឯម បានបញ្ជាក់មកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនាយប់ថ្ងៃទី១៩ ខែឧសភា។

លោកអភិបាលស្រុក បានអះអាងថា ការស្លាប់របស់មនុស្សម្នាក់ទៀតនេះ ដោយសារគាត់បានផឹកស្រាសក្នុងកម្រិតច្រើនលើសលប់ ហើយជាតិពុល ក្នុងឈាមកើនឡើងខ្លាំង ដែលមិនអាចសង្រ្គោះជីវិតគាត់បានឡើយ។ រីឯមនុស្ស៣នាក់ផ្សេងទៀត ក៏កំពុងស្ថិតក្នុងអាការៈគួរឱ្យបារម្ភខ្លាំងដែរ ដោយមិនដឹងថាអាចឆ្លងផុតយប់នេះ ឬយ៉ាងណានោះទេខណ:ដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៊ី សស្រាក់សស្រាំជួយសង្រ្គោះខ្លាំងក្លាបំផុត។ ចំណែកឯអ្នកនៅសល់ទាំងជាង ៧០នាក់ ដែលបានផឹកស្រាសក៏កំពុងស្ថិតក្រោមការតាមដានផងដែរ បើទោះបីជាពួកគាត់មិនទាន់មានអាការៈគួរឱ្យសង្ស័យយ៉ាងណាក្ដី។

ចំណែកមនុស្សទាំង៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងការលក់ស្រាស មានលាយសារធាតុមេតាណុលលើសកម្រិតឯណេះវិញ ត្រូវបានលោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់មកកាន់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីនេះ ជំនាញនឹងសួរនាំ ព្រមទាំងស្រាវជ្រាវលម្អិតលើករណីនេះ។ ហើយអ្វីដែលសំខាន់នោះ គឺរង់ចាំការឲ្យដឹងពីលទ្ធផលប្រាកដពីជំនាញកាំកុងត្រូល។

បើតាមការអះអាងពីលោក តូច ចៅកុយ ប្រធានសាខា ក.ប.ប ខេត្តកណ្ដាល ក៏បានបញ្ជាក់មកភ្នាក់ងារព័ត៌មាន Fresh News ផងដែរថា ពិតជាបានរកឃើញសារធាតុមេតាណុលលើសកម្រិតពិតមែន នៅក្នុងស្រាស ដែលពលរដ្ឋបានពិសារ និងអ្នកកំពុងលក់ដូរខ្លះក្នុងករណីនេះ។

ទោះយ៉ាងណា លោកប្រធានសាខាក៏សូមអំពាវនាវដល់បងប្អូនដែលជាអ្នកប្រកបមុខរបរផលិតស្រាសលក់ទូទាំងប្រទេស សូមមេត្តាគោរពតាមបទដ្ឋានបច្ចេកទេសដែលខាងជំនាញបានបង្រៀន និងគោរពតាមគោលការណ៍ របស់ក្រសួងពាក់ព័ន្ធដែលបានណែនាំ។

លោកក៏បានអំពាវនាវដល់អ្នកផលិតស្រាសទូទាំងប្រទេសផងដែរ ពីដកសារធាតុមេតាណុល ពីការផលិតស្រាស ដោយលោកបានផ្តល់យោបលថា ការផលិតស្រាស (20 -25 ដឺក្រេ) មួយកាន លោកសុំឱ្យអ្នកផលិត ចោលដំណក់ស្រាស មុនដំបូងចំនួន ២០០មីលីលីត្រ, បើផលិតសម្រាប់ ៣កានវិញ ត្រូវចោលដំបូងបរិមាណកន្លះលីត្រ (៥០០មីលីលីត្រ) និងសូមឱ្យមានអនាម័យផងដែរ ដើម្បីធានាបាននូវគុណភាពស្របតាមបច្ចេកទេស ជៀសវាងកើតករណីពុលដល់អ្នកទទួលទាន។

ចំពោះករណីផលិតស្រាស នៅមូលដ្ឋានស្រុកល្វាឯមវិញ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក វិទ្យា និងនវានុវត្ដន៍ ខេត្តកណ្ដាល បានអះអាងថា ការផលិតស្រាគ្រប់ប្រភេទនៅតំបន់ខាងលើនោះ គឺ «គ្មានច្បាប់អនុញ្ញាត្តិនោះទេ»។

សូមជម្រាបជូនថា មនុស្សចំនួនជាង៨០នាក់ ត្រូវបានអាជ្ញាធរពិនិត្យសុខភាពក្រោយពួកគាត់បានផឹកស្រាសលាយជាតិមេតាណុលលើសកម្រិតរួចមក។ ដោយក្នុងនោះមានករណីធ្ងន់ធ្ងរចំនួន៥នាក់ ហើយក្នុងចំណោម៥នាក់ មានស្លាប់ថ្មីម្នាក់ និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរចំនួន ៣នាក់ ហើយម្នាក់ទៀតកំពុងស្ថិតនៅក្នុងតាមដាននៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។

សូមរម្លឹកថា មនុស្សចំនួន១២នាក់ បានស្លាប់ជាបន្តបន្ទាប់ក្រោយបានលួចផឹកស្រាសនៅក្នុងពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ នៅឯភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ហើយមនុស្សស្លាប់បន្តគ្នាពីមួយថ្ងៃទៅថ្ងៃបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ ។

ការស្លាប់ជាបន្តបន្ទាប់នេះ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើន អាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្រាសស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ និងពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ប៉ុន្តែពួកគាត់នៅលួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ។ នេះបើតាមការអះអាងបន្ថែមពីលោកកន សុកកាយ អភិបាលស្រុកល្វាឯម៕