Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរក្រុងប៉ោយប៉ែត បន្តចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ

20-05-2021 12:56

(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំពិធីចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយនេះបានធ្វើឡើងក្រោមអធិបតីភាពលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលមានការចូលរួមពីអភិបាលរងក្រុង នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរដ្ឋបាលក្រុង ប៉ោយប៉ែត លោកចៅសង្កាត់ ចៅសង្កាត់រង លោកមេភូមិ អនុភូមិកងកម្លាំងសមត្ថកិច្ច និងប្រជាការពារជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរ លោក គាត ហ៊ុល បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។

បន្ថែមពីនេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩»

លោក គាត ហ៊ុល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង៕