(ភ្នំពេញ)៖ ក្រុមនិស្សិត ដែលបានធ្វើសកម្មភាពស្វែងរកការពិតលើសំឡេង នៃរឿងអាស្រូវស្នេហារវាងលោក កឹម សុខា សមាជិករដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាមួយនារីឈ្មោះ ខុម ចាន់ដារាទី ហៅស្រីមុំ បានប្រកាសបង្ហាញជំហរថា ក្រុមខ្លួននៅតែទាមទារឲ្យលោក កឹម សុខា ចេញមកបញ្ជាក់ការពិតទៅលើសាសំឡេង ដែលបែកធ្លាយ ហើយបើលោក កឹម សុខា នៅតែព្យាយាមធ្វើមិនដឹងមិនឮទៀត ពួកគេនឹងដាក់ញត្តិស្នើរដ្ឋសភាកោះហៅលោក កឹម សុខា បំភ្លឺលើរឿងនេះ។
ក្រុមនិស្សិត នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានបើកសន្និសីទព័ត៌មានមួយបង្ហាញថា សំឡេងសាសងរវាងលោក កឹម សុខា និងកញ្ញាស្រីមុំ ដែលបានបែកធ្លាយ គឺជាសំឡេងដើមពិត ១០០ភាគរយ ដោយគ្មានការកាត់ត ឬកែច្នៃនោះឡើយ។
ការអះអាងរបស់ក្រុមនិស្សិត បានធ្វើឡើងបន្ទាប់ពីពួកគេបានពិនិត្យ និង ប្រើបច្ចេកវិទ្យាផ្ទៀងផ្ទាត់ទៅលើរលកសំឡេងរបស់ស្រីមុំ ដែលបានបែកធ្លាយ និងសំឡេងរបស់ស្រីមុំ ដែលនិយាយនៅខាងក្រៅ គឺមានរលកសំឡេងដូចគ្នា មិនមានការកែច្នៃនោះឡើយ។ ការអះអាងរបស់ក្រុមនិស្សិត ក៏បានយោងទៅលើការបញ្ជាក់របស់ថៅកែហាងកាត់សក់ និង មិត្តភក្តិរួមការងាររបស់ស្រីមុំ ជាច្រើនទៀតថា សំឡេង ដែលបែកធ្លាយគឺពិតជារបស់ស្រីមុំ។
តែទោះជាយ៉ាងណា ក្រុមនិស្សិតបានសម្តែងការសោកស្តាយខ្លាំង បន្ទាប់ពីកញ្ញាស្រីមុំ មិនព្រមទទួលស្គាល់សំឡេងរបស់ខ្លួន ហើយពួកគេក៏បានប្តឹងស្រីមុំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ពីបទឆបោក។
បើទោះបីស្រីមុំ ច្រានចោលសំឡេងរបស់ខ្លួន ក៏ក្រុមនិស្សិតនៅតែទទូចឲ្យលោក កឹម សុខា ចេញមុខបញ្ជាក់ការពិតទៅលើខ្សែអាត់សំឡេង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ របស់លោក កឹម សុខា ផ្ទាល់ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ នៃស្ថាប័នកំពូលរបស់ជាតិ ក៏ ដូចជាភាពស្អាតស្អំរបស់ ស្រីមុំ ដែលជានារីខ្មែរផងដែរ។
ក្រុមនិស្សិតបានបញ្ជាក់ថា រឿងអាស្រូវ ដែលកំពុងកើតមានលើលោក កឹម សុខា វាមិនមែនជារឿងធម្មតា ឬ តូចតាចនោះឡើយ គឺកំពុងជះឥទ្ធិពល និងប៉ះពាល់ធ្ងន់ដល់សីលធម៌របស់ខ្មែរ ហើយក៏ជាគំរូមិនល្អមួយនៅក្នុងសង្គម ដែលទាមទារឲ្យមានការបញ្ជាក់ឲ្យបានច្បាស់លាស់។
លោក ម៉ី ម៉េងសៀ បានថ្លែងដូច្នេះ «លោកជាបុគ្គលមួយរូប លោកជាបុគ្គលម្នាក់ ដែលមានអាសនៈនៅរដ្ឋសភា ហើយជាតំណាងឲ្យ ប្រជាពលរដ្ឋ បែរជាលោកមានស្នេហា ដែលយើងអាចប្រើពាក្យអាក្រក់ថា ស្នេហាលួចលាក់ ផ្លូវភេទផ្សេងៗជាដើម ដែលមានការបែក ធ្លាយខ្សែអាត់សំឡេង។ វាជាការជះឥទ្ធិពលអាក្រក់ទៅដល់សង្គមរបស់យើងយ៉ាងខ្លាំងមែនទែន ដែលខ្ញុំគិតថា រឿងនេះគឺជារឿងធំ មិនមែនរឿងតូចដូចបងប្អូនគិតទេ»។
ក្រុមនិស្សិត ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យជួយស្វែងរកពន្លឺការពិតទៅលើសំឡេងនេះ ហើយប្រសិនបើពន្លឺ នៃការពិតនៅតែគ្មាន ហើយលោក កឹម សុខា នៅតែមិនឆ្លើយបំភ្លឺ ពួកគេនឹងដាក់ញត្តិទៅកាន់រដ្ឋសភា ស្នើឲ្យកោះអញ្ជើញលោក កឹម សុខា បំភ្លឺទៅលើរឿងនេះ។
តំណាងនិស្សិត លោក ម៉ី ម៉េងសៀ «ឥឡូវនេះយើងអត់ដល់រដ្ឋសភានៅឡើយទេ យើងនៅក្នុងចំណាត់ការមួយឲ្យឯកឧត្តម (កឹម សុខា) ឆ្លើយទៅនឹងញត្តិរបស់យើងសិន។ បើឯកឧត្តមអត់ឆ្លើយទេ គាត់នៅតែបដិសេធ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ យើងនឹងស្វែងរក ការគាំពារពីស្ថាប័នមានសមត្ថកិច្ចឲ្យជួយជំរុញរកការពិតលើខ្សែអាត់សំឡេងហ្នឹង។ បើនៅតែគ្មានពន្លឺទេយើងនឹងមិនឈប់ ហើយឈានទៅដល់ដំបូល ដែលគាត់ជ្រក ខ្ញុំនឹងឈានដល់ដំណាក់កាលរដ្ឋសភា បើគាត់មិនធ្វើការឆ្លើយតប ព្រោះយើងចង់ដឹងការពិត»។
ក្រុមនិស្សិត ក៏បានបញ្ជាក់ផងដែរថា អ្វីដែលពួកគេកំពុងធ្វើមិនមានបក្សនយោបាយណាមួយនៅពីក្រោយខ្នងនោះឡើយ ពួកគេធ្វើដោយចង់ឲ្យមេដឹកនាំចេះទទួលស្គាល់នូវការពិត ហើយទទួលខុសត្រូវទៅលើកំហុសរបស់ខ្លួន។
លោក ម៉ី ម៉េងសៀ បានបន្ថែមថា «ព្រោះយើងចង់ឲ្យមេដឹកនាំមួយ ចេះទទួលខុសត្រូវទង្វើ ដែលខ្លួនធ្វើចុះថ្ងៃហ្នឹងគាត់អត់ទទួលផង ថ្ងៃក្រោយបើគាត់ធ្វើជាបុគ្គលសំខាន់មួយរូបដឹកនាំប្រទេសជាតិទាំងមូល សួរថា ឯកឧត្តមទទួលខុសត្រូវអត់? រឿងប៉ុណ្ណឹងគាត់អត់ ទទួលខុសត្រូវផង ចុះទម្រាំរឿងជាតិធំៗទៀត តើគាត់ទទួលខុសត្រូវ ឬអត់ ឬយើងចង់បានមេដឹកនាំបែបហ្នឹងតទៅទៀត? ឬ យើងចង់ឲ្យមេដឹកនាំគ្រប់រូបធ្វើអីតាមអំពើចិត្ត»។
សូមបញ្ជាក់ថា រយៈពេលជាង ១០ថ្ងៃមកហើយ ខ្សែអាត់សំឡេង នៃរឿងអាស្រូវស្នេហា ក៏ដូចជាទំនាក់ទំនងផ្លូវភេទរវាងលោក កឹម សុខា និងនារីជាច្រើននាក់ ត្រូវបានគេទម្លាយនៅលើទំព័រ Facebook ឈ្មោះ «រឿងពិត CNRP» ជាបន្តបន្ទាប់។ ខ្សែអាត់សំឡេង កំពុងធ្វើឲ្យសាធារណជនជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រលោក កឹម សុខា មានការមន្ទិលសង្ស័យយ៉ាងខ្លាំង ដោយពួកគេមិនអាចរកឃើញថា ខ្សែអាត់សំឡេងនេះជារឿងពិត ឬយ៉ាងណា?។ មានសាធារណជនទូទៅ ចង់ឲ្យមានការបញ្ជាក់ឲ្យ បានច្បាស់ពីលោក កឹម សុខា ដែលជាសាម៉ីខ្លួនពាក់ព័ន្ធនៅក្នុងរឿងនេះ។
ប្រសិនការពិតដូចជាខ្សែអាត់សំឡេង ដែលបានទម្លាយមែននោះ លោក កឹម សុខា នឹងត្រូវក្លាយជាតំណាងរាស្រ្តមួយរូបបានធ្វើឲ្យ ប៉ះពាល់ធ្ងន់ធ្ងរទៅដល់ភាពថ្លៃថ្នូរ និងក្រមសីលធម៌របស់ប្រទេសជាតិ។ ជាពិសេសលោក បានប្រព្រឹត្តខុសទៅនឹងច្បាប់ឯកព័ន្ធភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា បុរស-នារី ត្រូវមានប្រពន្ធមួយ ប្តីមួយ។
មាត្រា៧ នៃច្បាប់ឯកព័ន្ធភាព បានចែងថា បុរស-ស្រ្តី នឹងត្រូវចោទថា «ផិត» នៅពេលបុរស ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់ រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្រ្តីដទៃ ឬស្រ្តី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយ បុរសដទៃ។
មាត្រា៩ បានកំណត់ថា ជនដែលប្រព្រឹត្តល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ដល់១លានរៀល៕