(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយឧបត្ថម្ភបន្ថែមពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្ត និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់ប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន ២៦៥គ្រួសារ មកពី១៣ឃុំ ក្នុងស្រុកមង្គលបូរី ដោយរៀបចំចែកជា ៣ទីតាំង គោរពតាមវិធានសុខាភិបាល ពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល។
ថ្លែងក្នុងឱកាសនោះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។
លោកបានបន្តថា ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ គឺរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបង្កការគ្រប់គ្រងប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។
លោកក៏បានអំពាវនាវសូមដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ និងសូមកុំចេញក្រៅផ្ទះឱ្យសោះ ប្រសិនបេីមិនចាំបាច់ខ្លាំង។
ជាមួយគ្នានោះ លោកបានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឱ្យបានវិធានការ «៣ការពារ និង៣កុំ» និងធានការរបស់ក្រសួងសុខាភិបាល។
អំណោយដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ផងដែរ៕