(កំពង់ស្ពឺ)៖ ក្មេងស្រីម្នាក់ត្រូវបានសន្ដិសុខផ្សារកំពង់ស្ពឺ រៀបចំសណ្ដាប់ធ្នាប់ ហើយទាត់ថាសព្រីងកំពប់ ផ្ទុះការរិះគន់នៅលើបណ្ដាញសង្គម Facebook នោះ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ដើម្បីចូលជួប និងផ្ដល់អំណោយមួយចំនួនជូនជាការលើកទឹកចិត្តឡើងវិញ។
លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រោយឃើញគេផ្សព្វផ្សាយរឿងសន្តិសុខផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី លោកពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោកផ្ទាល់ សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ កាលពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។
នាឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់នូវសម្ភារមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ លោកក៏សូមសំណូមពរ យ៉ាងទទូចដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។
បើទោះជាយ៉ាងណាក៏ដោយ ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។ នេះបើតាមអ្វីដែលលោកអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ក្នុងជំនួបនោះ។
ថ្លែងប្រាប់គ្រួសារក្មួយស្រីរងគ្រោះ លោក វ៉ី សំណាង បានបញ្ជាក់ថា ទីតាំងដែលក្មួយស្រីលក់ដូរនៅត្រូវបានហាមឃាត់ និងបញ្ឈប់ការលក់ដូរយូរមកហើយ ដោយត្រូវឲ្យទៅលក់កន្លែងថ្មី មានទាំងសុវត្ថិភាព អនាម័យ។ ការថ្លែងនេះបានបង្ហាញថា មិនសំដៅឲ្យបុគ្គលដែលទាត់ថាសលក់ដូររបស់ក្មួយស្រី រី រក្សា នោះរួចខ្លួនទេ ពីព្រោះទង្វើនេះហួសហេតុពេក ហើយលោកអភិបាលខេត្ត និងហៅធ្វើការអប់រំតាមកិច្ចការរដ្ឋបាល។
នាឱកាសនោះ លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តឲ្យក្មួយស្រីចូលបម្រើការងារជាកម្មការិនីតាមរោងចក្រ ដែលមានកម្រៃឈ្នួលខ្ពស់ ដោយសារតែក្មួយបានសម្រេចចិត្តបោះបង់ការសិក្សារួចទៅហើយ។
ដោយសារតែមានការសម្របសម្រួល ក្រុមគ្រួសាររបស់ក្មួយស្រី រី រក្សា បានរីករាយសប្បាយចិត្ត ហើយសន្យាធ្វើតាមអាជ្ញាធរដោយមិនតវ៉ាអ្វីឡើយ។ ជាមួយគ្នានេះ ក្មួយស្រីបានទទួលនៅអំណោយពីរដ្ឋបាលខេត្ត ដើម្បីដោះស្រាយការរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួសជុលការខូចខាតបណ្តាលមកពី សន្តិសុខផ្សាកំពង់ស្ពឺ នាពេលកន្លងមក៕