(ក្រចេះ)៖ លោក ធុន គ្រី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ចែកជូនដល់គ្រួសាររងគ្រោះដោយរន្ទះបាញ់បណ្តាលឱ្យឆេះផ្ទះ ១គ្រួសារ នៅឃុំ២ធ្នូ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២គ្រួសារ នៅឃុំស្នួល ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។
ក្នុងឱកាសំណេះសំណាលនោះដែរ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនៅពេលនេះ និងបានផ្តាំផ្ញើជូនបងប្អូនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេស សូមជួយមើលថែទាំក្មេងៗនិងចាស់ជរា ឱ្យបានល្អនារដូវភ្លៀងនេះ។
ជាមួយគ្នានេះដែរ លោកក៏បានចូលរួមសោកស្តាយជាខ្លាំង ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ ដែលបានបណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែល មានសុវត្ថិភាពជ្រក ចំពោះការបើកបរត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។
អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារ៉ុង១ មុង១ ភួយ១ ក្រម៉ា១ ទឹកស៊ីអ៊ីវ១យួរ តង់១ និងថវិកា២០០,០០០រៀល។ ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ស្រាលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ តង់១ និងថវិកា ៤០០០០រៀល។
ជាមួយគ្នានេះលោក វ៉ាន់ ឌឿន មេឃស្នួល ក៏បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារនូវថវិកា ១០០,០០០រៀលផងដែរ៕