(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាទៅអាជ្ញាធរ និងសមត្ថកិច្ចនៅខណ្ឌចំនួន៣រួមមាន ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍​សែនជ័យ ចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ និងទំនិញសំពីងសំពោង ដែលចរាចរ នៅតាមដងផ្លូវដើម្បីពិនិត្យមើលឯកសារ ណែនាំ និងរថយន្តទាំងឡាយ ដែលចូលរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។

ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «ការចុះឃាត់រថយន្តទាំងនេះ គឺធ្វើឡើងតាមបញ្ជាពីអភិបាលក្រុង ដែលធ្វើនៅខណ្ឌចំនួន៣គឺ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ ដែលខណ្ឌទាំង៣នេះ មានរណ្តៅដីច្រើនជាងគេ តែយ៉ាងណានោះ កម្លាំងយើងគ្រាន់តែចាប់ឃាត់ប៉ុណ្ណោះ តែការមានវិធានការយ៉ាងណានោះ គឺខាងសាលារាជធានីភ្នំពេញ»។ មន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃនេះមានរថយន្តប្រភេទដឹកដី ដឹកខ្សាច់ និងទំនិញសំពីង​សំពោង​ជាង១៣០គ្រឿង ក្នុងនោះ សម្រាប់ខណ្ឌសែនសុខ មានចំនួន៧០គ្រឿង ខណ្ឌពោធិ៍សែនជ័យ មានចំនួន៣២គ្រឿង និងខណ្ឌឫស្សីកែវមានចំនួនជាង៣០គ្រឿង»។ ជុំវិញវិធានការដ៏គគុកខាងលើនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានថ្លែងថា គឺមានបញ្ជាពីអភិបាលរាជធានីភ្នំពេញមែន ដើម្បីត្រួតពិនិត្យមើលរថយន្តដែលធ្វើដំណើរចូលក្រុងគ្មានលិខិតអនុញ្ញាត។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅក្នុងកិច្ចប្រជុំថ្ងៃមិញ ឯកឧត្តមអភិបាលបានបញ្ជាឲ្យឃាត់រថយន្តធំ ដែលចូលក្រុងខុសលិខិតអនុញ្ញាត»។

សូមបញ្ជាក់ថា រថយន្តដឹកដី ដឹកខ្សាច់ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងចំពោះផលប៉ះពាល់លើការរស់នៅ និងបរិស្ថាន ជាពិសេសការបង្កគ្រោះថ្នាក់ចរាចរណ៍ ដូចករណីរថយន្តដឹកដីមួយគ្រឿងបុក និងកិនសិស្សសាលា​២នាក់​បណ្តាលឲ្យស្លាប់ និងម្នាក់រងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ៕

 

Posted by Fresh News Photo on Friday, March 11, 2016