(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅបានលើកឡើងថា ក្នុងថ្ងៃទិវាជាតិនៃការចងចាំ លោកសូមឱ្យជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook ចំថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ចំពោះ៉របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍»។
តំណាងរាស្ត្រវ័យក្មេងរូបនេះ បានបញ្ជាក់ថា ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា៖ «ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានាដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត»៕