(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម កាលពីម្សិលមិញ បានដាក់សម្ពោធសួនដាំដើមឈើ និងសួនអាពាពិពាហ៍ លើកដំបូងរបស់ខ្លួន នៅស្រុកកំពង់សៀម ដើម្បីជំរុញអោយប្រជាពលរដ្ឋ និងគូអាពាហ៍ពិពាហ៍ ចូលរួមថែរក្សាបរិស្ថាន និងបង្កើតកម្រងអនុស្សាវរីយ៍ តាមរយៈការចូលរួមដាំឈើនៅក្នុងសួនទាំងនេះ។
លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានលើកឡើងថា សួនអាពាហ៍ពិពាហ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសអោយប្រជាពលរដ្ឋ សិស្សានុសិស្ស និងនិស្សិត ចូលរួមការពារ និងថែរក្សា បរិស្ថានបៃតង និងចូលរួមដាំដើមឈើ ក្នុងន័យចូលរួមស្រឡាញ់ និង អភិរក្សធនធានធម្មជាតិ ព្រមទាំងជាគំរូ ឫ ជានិមត្តរូបក្នុងការអភិវឌ្ឍន៍សង្គមជាតិសម្រាបើកូនចៅជំនាន់ក្រោយ។
លោកបានបញ្ជាក់ថា សួនដាំដើមឈើ និងសួនអាពាហ៍ពិពាហ៍ គឺជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងខេត្តកំពង់ចាម ក្នុងការរួមណែកទាក់ទាញទេសចរណ៍ ហើយសួននេះតម្រូវអោយយើងទាំងអស់គ្នាចូលរួមថែរក្សា ដើម្បីអោយសួនមួយនេះនៅគង់វង្យយូរអង្វែង។តាមរយៈការដាំដើមឈើនៅក្នុងសួនមួយនេះ នឹងក្លាយជាលិខិតគ្មានអក្សរមួយច្បាប់ ដែលអាចរៀបរាប់ថ្លាថ្លែងនូវអារម្មណ៍ និង ការគិតរាប់លានគំនិត របស់អ្នកដាំសម្រាប់កូនចៅជំនាន់ក្រោយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានថ្លែងថា វត្តមានសួនដាំដើមឈើ និងសួនអាពាហ៍ពិពាហ៍ នេះគឺឋិតក្នុងន័យការប្រឡងប្រណាំងទីក្រុងស្អាត ព្រោះភាពស្អាត និងភាពបៃតង គឺជាកត្តាសំខាន់មួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរ ដើម្បីមកកំសាន្តនៅសួនអាពាហ៍ពិពាហ៍នេះ។
លោកថា សួនដាំដើមឈើនិងសួនអាពាហ៍ពិពាហ៍នេះ ក៏បានទាក់ទងសំខាន់ទៅនឹងផលិតផលទេសចរណ៍ ដោយហេតុថានៅពេលដែលភ្ញៀវទេសចរណ៍អន្តជាតិមកកំសាន្តនៅទីនេះ ពួកគេនឹងមានការដាំដើមឈើនៅកន្លែងសួនមួយនេះ ហើយការចងចាំរបស់ពួកគេនៅពេលដាំសើមឈើនេះ នឹងធ្វើអោយពួកគេនឹងត្រឡប់មកទីនេះដោយនាំមកគ្រួសារ មករំលឹកអនុស្សាវរីយ៍ និងមើលដើមឈើដែលគេដាំ៕