(ព្រៃវែង)៖ ដោយមានក្តីនឹកស្រឡាញ់ និងអាណិតចំពោះកុមារកំព្រា កុមារគ្មានទីពឹង ដែលរស់នៅកន្លែងចំនួន០៣ គឺទី១-កុមារកំព្រារស់នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រៃវែង ទី២-កុមារកំព្រាដែលរស់ក្នុងអង្កការកុមារពន្លឺនៃក្តីសង្ឍឹម និងទី៣-អង្កការមូលនិធិអភិវឌ្ឍសហគមកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី បានអញ្ជើញទៅសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកសម្ភារ មានគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងថវិកាមួយចំនួនធំរបស់លោក និងមួយចំនួនទៀត បានមកពីការជួយឧបត្ថមពីសប្បុរសជនទៅចែកជូនពួកគេផ្ទាល់ដៃ តែម្តង។ លោកអភិបាលខេត្ត និងលោកស្រី បានធ្វើគុយទាវជូនដល់ក្មួយៗ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា បានញាំទាំងអស់គ្នាដោយក្តីសប្បាយរីករាយ និងស្និទស្នាលជាទីបំផុត។
ក្នុងពិធីជួបសំណេះសំណាលនោះដែរ លោក ជា សុមេធី បានផ្តាំផ្ញើដល់ក្មួយៗកុមារា កុមារី ទាំងអស់សូមស្តាប់បង្គាប់មេដោះ ខិតខំរៀនសូត្រ កសាងខ្លួនឯង ឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ នៅពេលរស់នៅជាមួយគ្នា ត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ត្រូវចេះអនាម័យខ្លួនប្រាណ ឲ្យបានស្អាតជាប្រចាំ ទោះបីក្មួយៗទាំងអស់គ្មានឪពុកម្តាយ ក៏ដោយតែក្មួយៗ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកជួយមើលថែទាំ ឲ្យក្មួយបានរៀនសូត្រ ហូបចុកគ្រប់គ្រាន់ អាជ្ញាធរខេត្ត អង្កការដៃគូរ ជាពិសេសរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ច។ ដូចច្នេះក្មួយៗត្រូវតែខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីជួយខ្លួនឯងឲ្យចាកផុតពីភាពលំបាក និងបានជួយដល់អ្នកផ្សេងទៀត ដែលជួបការដូចក្មួយផងដែរ ជាពិសេស ជួយកសាងប្រទេសជាតិមានការរីកចម្រើនថែមទៀត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកុមារកំព្រាចំនួន៣កន្លែង លោកបានឧបត្ថមនូវសម្ភារក្នុងមួយកន្លែងៗមានៈ ត្រីខ ៤កេសធំ មី៤កេសធំ។ សៀវភៅប៊ិច១កេស អំណោយរបស់ស្រី ងឿន ផល្លីន ពោធីតា នាយកសាលាអង្ករ៥បាវ ប្រដាប់ក្មេងលេង និងទឹកដោះគោ។ ដោយឡែករបស់អង្កការដែលបានជួយឧបត្ថមតាមរយៈលោក និងលោកស្រីរួមមាន ទឹកក្រដាស១០កេស ទឹកក្រូច៥កេស ត្រីខ៣កេស មី២កេស ទឹកដោះគោម្ស៉ៅ១ថង់ កាបូបយួរ១៦យួរ អង្ករ២បាវ នំ១០កេសសៀវភៅ១០០ និងទឹកដោះគោខាប់២កេសធំ។
ប្រធានមជ្ឈមណ្ឌល និងអង្កការដែលបានថែរទាំបីបាច់កុមារ បានថ្លែងនូវការអគុណ និងដឹងគុណចំពោះ លោកអភិបាលខេត្ត និងលោកស្រី ក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថមដល់កុមារកំព្រា ដែលកំពុងជួបនូវការលំបាកទាំងនេះ៕