(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ជាអភិបាលខណ្ឌ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមដែលលួចបើកខុសច្បាប់ ស្ថិតនៅលេខ៧៦ ភូមិ២០ សង្កាត់ស្រះចក ដែលបង្កប់គ្រឿងញៀនដែលមានសកម្មភាពជក់ និងចែកចាយយ៉ាងសកម្ម និងចុះទៅបង្ក្រាបនៅទីតាំងមួយទៀតស្ថិតនៅសង្កាត់ស្រះចក ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់។
សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះស្រីម្នាក់ ព្រមទាំងដកហូតទូហ្គេមចំនួន២គ្រឿងផងដែរ។ លោក ចាន់ បណ្ឌិត នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅបង្ក្រាបទីតាំងហ្គេមមួយនេះ ក្រោយពីទទួលបានព័ត៌មានសំងាត់។ សម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីចាត់ការតាមច្បាប់ ខណៈទូហ្គេមត្រូវបានដឹកយកទៅរក្សាទុក នៅសាលាខណ្ឌរង់ចាំការវាយកម្ទេចចោលនៅពេលក្រោយ។
នៅយប់មិញនេះ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ក៏បានចុះទៅបង្ក្រាបទីតាំងហ្គេម ដែលមានក្រុមជក់ថ្នាំញៀនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ នៅលើផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយដកហូតបានថ្នាំប្រភេទម៉ាទឹកកក ចំនួន១៥កញ្ជាប់តូចផងដែរ។ ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅសាលាខណ្ឌដូនពេញ លោកអភិបាល គួច ចំរើន បានបើកកិច្ចប្រជុំរឿងល្បែងកន្ទុយលេខ នៅក្នុងខណ្ឌដោយមានការអញ្ជើញចូលរួមផងដែរពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នៅចំពោះមុខចៅសង្កាត់ទាំង១១នាក់ លោកអធិការរង នាយបុស្តិ៍ និងការិយាល័យពាក់ព័ន្ធព្រមទាំងប្រធានផ្សារទាំងបី លោក គួច ចំរើន បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្ក្រាបល្បែងស៊ីសងនៅតាមទឹកដីរបស់ខ្លួន ជាពិសេស គឺល្បែងកន្ទុយលេខតែម្តង។
លោក គួច ចំរើន បានចាត់ទុកថា ល្បែងស៊ីសងទាំងនេះអាចនាំឲ្យកើតមានបទល្មើសផ្សេងៗដូចជា ឆក់ លួច ប្លន់ និងគ្រឿងញៀនជាដើមដូច្នេះមន្រ្តីទាំងអស់មិនត្រូវយកខ្លួនទៅពាក់ព័ន្ធជាមួយបទល្មើសនេះឡើយ៕