(កំពង់ឆ្នាំង)៖ អាជ្ញាធរ និងបុគ្គលិកមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ទៀត នៅស្រុកទឹកផុស កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ជាកម្មការិនីធ្វើការនៅរោងចក្រ «ហីរ៉ាយហ្សិន អៅដរ ខេមបូឌា» ដែលនាងមិនបានទៅធ្វើការ ៣ថ្ងៃ និងបានមកធ្វើចត្តាឡីស័កខ្លួនឯងនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។
លោកវរសេនីយ៍ឯក ហែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែឧសភានេះឱ្យដឹងថា កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ «ហីរ៉ាយហ្សិន អៅដរ ខេមបូឌា» ខាងលើ ត្រូវបានបុគ្គលិកមន្ទីរសុខាភិបាលខេត្តពិនិត្យសំណាករកឃើញវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ បន្ទាប់ពីនាងបានសម្រាកពីការងាររយៈពេល ៣ថ្ងៃ ដោយមានអាការៈមិនស្រួលខ្លួននាងក៏មកធ្វើចត្តាឡីស័ក ដោយស្ម័គ្រចិត្តខ្លួនឯងរយៈពេល២ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកទឹកផុស។
លោកអធិការបានបញ្ជាក់ថា កម្មការិនីខាង លើនេះឈ្មោះ ហម ស្រីនាង អាយុ១៩ឆ្នាំ មានទីលំនៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នត្រូវបានរថយន្តរបស់មន្ទីរពេទ្យ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ស្រុកកំពង់ត្រឡាច។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រុមការងារនៃមន្ទីរសុខាភិបាល បានចុះទៅពិនិត្យសំណាកកម្មការិនីខាងលើនេះ ដោយរកឃើញវិជ្ជមានកូវីដ១៩ ហើយក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកកំពង់ត្រឡាច បន្ទាប់ពីរកឃើញវិជ្ជមានភ្លាមៗ ផងដែរ។
សូមបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានចំនួន ៦៥នាក់ ស្រី៣៨នាក់ អ្នកជាសះស្បើយថ្មីចំនួន៣ នាក់ ស្រី១នាក់ សរុបទាំងចាស់ទាំងថ្មី១៣នាក់ ស្រី៧នាក់ (អ្នកដែលជាសះស្បើយសរុបទាំងអស់) ស្លាប់ចំនួន២នាក់ ស្រី១នាក់ កំពុងសម្រាកព្យាបាលចំនួន ៥០នាក់ ស្រី៣០នាក់៕