(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកម្មវិធីប្រគល់ម៉ាស៊ីនបន្សុទ្ធខ្យល់ ម៉ាក W603 ចំនួន១០គ្រឿង ដែលមានតម្លៃ ១០០លានរៀល ដែលក្នុងនោះ ៥គ្រឿងប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ និង ៥គ្រឿងទៀត ប្រគល់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានជម្រាបជូនអង្គពិធីថា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វ.ស.ស ដែលជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌និងមនុស្សធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។
ជាក់ស្តែង ក្នុងការចូលរួមជាមួយវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ វ.ស.ស. តែងបានសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិលនានា ជាពិសេសមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ក្នុងការចូលរួមផ្តល់នូវបរិក្ខារវេជ្ជសាស្ត្រផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសុខភាពសាធារណៈ។ កម្មវិធីនាថ្ងៃនេះជាសក្ខីភាពថ្មីមួយទៀតនៃការផ្តល់អំណោយបន្ថែមលើការផ្តល់អំណោយនាពេលកន្លងមករបស់ CFPD តាមរយៈ វ.ស.ស ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះបង្ហាញនូវទឹកចិត្តចេះឈឺឆ្អាលជួយយកអសារគ្នារបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនប្រជាជនកម្ពុជាដែលជាមិត្តយូរអង្វែង និងជាមិត្តដែកថែបពិត ដែលជួយគ្នាក្នុងគ្រាលំបាក។ នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត សោម សោភណ្ឌ ប្រធានមន្ទីរពេទ្យហ្លួងម៉ែ និងលោកវេជ្ជបណ្ឌិត ព្រំ ផានិត ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បានថែ្លងអំណរគុណដល់ វ.ស.ស. ហើយបានបញ្ជាក់ថា អំណោយបរិក្ខារម៉ាស៊ីនបន្សុទ្ធខ្យល់ទាំង ១០គ្រឿង ដែលបានផ្តល់ជូននាពេលនេះ ពិតជាបានចូលរួមឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យទាំងពីរ ក្នុងការព្យាបាលជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យជំនាញ។ ជាងនេះទៀត មន្ទីរពេទ្យទាំងពីរនឹងយកបរិក្ខារទាំងនេះទៅប្រើប្រាស់ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕