(តាកែវ)៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន, រដ្ឋលេខាធិការក្រសួងទេសចរណ៍, និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ បាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ផ្តល់ជូនមណ្ឌលសុខភាពឃុំព្រៃអំពក និងចុះត្រួតពិនិត្យទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រៃអំពក ដើម្បីជួសជុលកែលម្អឡើងវិញ។

អំឡុងពេលនាំអំណោយផ្តល់ជូនមណ្ឌលសុខភាពឃុំព្រៃអំពកនេះ លោកស្រី កុយ ពិសី បានសួរសុខទុក្ខស្រ្តីឆ្លងទន្លេនៅមណ្ឌលសុខភាពឃុំ ព្រមទាំងបានបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំ ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី កុយ ពិសី បានផ្សព្វផ្សាយអំពីវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល កុ្នុងការប្រយុទ្ធប្រឆាំង និងការរីករាលដាលជំងឺកូវីដ១៩ និងស្ថានភាពថមថយនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដោយអត្រាអ្នកឆ្លងបានថយចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកស្រីបានជំរុញឱ្យថ្នាក់ដឹកនាំឃុំ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការសុខាភិបាល ពិសេសអនុវត្តវិធានការ៣កុំ៣ការពារ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកស្រី កុយ ពិសី ក៏បានផ្តល់ឃីត មានជាសម្ភារ និងស្បៀងមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក នៅឃុំព្រៃអំពក ស្រុកគិរី វង់ ខេត្តតាកែវផងដែរ៕