(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែតាមលក្ខណៈច្បាប់ គឺជាការធានាដល់ប្រភពចំណូលថវិការដ្ឋ និងកាត់បន្ថយបាននូវហានិភ័យផ្សេងៗ។

ការលើកឡើងបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើយន្តការនៃសេចក្ដីសម្រេចថ្មីមួយបន្ថែមទៀត ស្ដីពី ការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកំពត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។

លោក ជាវ តាយ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ នៅក្នុងខេត្តកំពត រយៈពេលកន្លងមក បើទោះបីជំនាញនិងអាជ្ញាធរ បានខិតខំជំរុញសហការអនុវត្ត ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសច្បាប់កំណត់ និងការគ្រប់គ្រងចំណូលចូលថវិការដ្ឋបានលទ្ធផលល្អប្រសើរ ប៉ុន្តែនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ខណៈដែលរាជរដ្ឋាភិបាល ជំរុញទាមទារឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ គឺខេត្ត ក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានល្អបញ្ហាការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»

លោក ជាវ តាយ បាបន្តថា «បើទោះបីកន្លងមកការគ្រប់គ្រង ការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពត ជំនាញ និងអាជ្ញាធរ បានយកចិត្តទុកដាក់សហការគ្នាបានលទ្ធផលល្អប្រសើរយ៉ាងណា។ ប៉ុន្តែបញ្ហា នៅតែកើតមានឡើង ជារូបភាពធ្វើអាជីវកម្ម មិនទាន់ឆ្លើយតបបានឱ្យស្របទៅនឹងលិខិតបទដ្ឋានលក្ខណៈច្បាប់កំណត់ឡើយ។ ដែលក្នុងនោះការធ្វើអាជីវកម្មមួយចំនួនតូចនៅមិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយអាជីវកម្មខ្លះទៀត មានអាជ្ញាប័ណ្ណត្រឹមថ្នាក់ក្រុង ស្រុកកំណត់ដោយច្បាប់ បែរជាការធ្វើអាជីវកម្មលក្ខណៈទ្រង់ទ្រាយធំ ហួសពីអាជ្ញាប័ណ្ណកំណត់ ហើយអាជីវកម្មមួយចំនួនតូចទៀត ធ្វើតាមបែបអាណាធិបតេយ្យ មិនមានការគ្រប់គ្រងតាមលក្ខណៈបទដ្ឋានបច្ចេកទេស បង្កហានិភ័យ ការរំខានប្រយោជន៍ប៉ះពាល់ដល់ប្រជាពលរដ្ឋ និងនាំឱ្យបាត់ចំណូលចូលថវិការដ្ឋទៀតផង»

លោកអភិបាលខេត្ត បានចាត់ទុក ជាការងារសំខាន់ចាំបាច់ចំពោះមុខ ដែលត្រូវទាមទារឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ចូលរួមពិនិត្យពិភាក្សា ផ្ដល់យោបល់លើយន្តការនៃសេចក្ដីសម្រេចថ្មីនេះ ពិសេសមន្ទីររ៉ែ និងថាមពលខេត្ត ដែលជាជំនាញអនុវត្តអចិន្ត្រៃយ៍ផ្ទាល់ ត្រូវធ្វើយ៉ាងណា ដល់ជាមតិយោបល់នៃការអនុវត្តកន្លងមក ដើម្បីធ្វើឱ្យការអនុវត្តមានលក្ខណៈស៊ីសង្វាក់រលូន ក្នុងតួនាទីភារកិច្ចនៃកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់សមាជិកក្រុមការងារក្រោយពីយន្តការនៃគណៈកម្មការថ្មីនេះសម្រេចចេញជាផ្លូវការ ត្រូវរួមសហការគ្នាអនុវត្តអោយមានប្រសិទ្ធភាពបន្ថែមទៀត។ ពិសេស ត្រូវសិក្សាស្រាវជ្រាវ អំពីសក្ដានុពល ធនធានរ៉ែ ក្នុងភូមិសាស្ត្ររបស់ខេត្ត ធ្វើស្ថិតិក្រុមហ៊ុន អាជីវករ ដែលកំពុងវិនិយោគ ឬកំពុងធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ ឱ្យបានច្បាស់លាស់ អាជ្ញាប័ណ្ណ និងអ្នកដែលគ្មានអាជ្ញាប័ណ្ណ ចុះត្រួតពិនិត្យដល់អាជីវកម្មដ្ឋាន ដែលកំពុងប្រកបអាជីវកម្មរ៉ែ ដោយកំណត់ឱ្យមានអាជ្ញាប័ណ្ណ និងគោរពតាមបទដ្ឋានបច្ចេកទេសជាកត្តាកំណត់។

ក្នុងករណីប្រតិបត្តិការធនធានរ៉ែ អាចបង្កគ្រោះថ្នាក់ឬហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពពលកម្ម ឬបរិស្ថាន ត្រូវផ្អាកជាបណ្ដោះអាសន្ន ឬឃាត់ទុក មធ្យោបាយផលិតកម្ម មធ្យោបាយដឹកជញ្ជូនធនធានរ៉ែខុសច្បាប់ ដែលមិនស្របតាមបទដ្ឋានបច្ចេកទេស ត្រូវតែចាត់វិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការសម្រេចរបស់គណៈកម្មការ ប៉ុន្តែត្រូវរាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំយោបល់ដឹកនាំអនុវត្ត ពីអភិបាលខេត្ត។

សូមរំលឹកថា តាមរបាយការណ៍ក្នុងកិច្ចប្រជុំផ្ដល់ដោយ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងថា ការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទនៅក្នុងខេត្តកំពត គឺមានអាជ្ញាប័ណ្ណសរុបចំនួន៥៦ ក្នុងនោះអាជ្ញាប័ណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្ម ចំនួន ៣៣ អាជ្ញាប័ណ្ណ ឧស្សាហកម្ម និងធនធានរ៉ែចំនួន៦ និងអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែចំនួន១៧ និងអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកអាចម៍ដីរណ្ដៅដីចល័ត ដែលផ្ដល់ដោយរដ្ឋបាលក្រុងស្រុក សរុបចំនួន ១២៥អាជ្ញាប័ណ្ណ៕