(កណ្ដាល)៖ លោក កន សុកកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ជាក់មកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែឧសភានេះថា លទ្ធផលធ្វើតេស្តបានចេញមកថ្ងៃត្រង់នេះហើយ គឺពិតជារកឃើញសារធាតុពុលមេតាណុលលើសកម្រិតក្នុងស្រា-ស ដែលពលរដ្ឋបានផឹកពិតមែន ដែលបង្កឱ្យយមនុស្សចំនួន១១នាក់បានស្លាប់។
លោកអភិបាលស្រុក បានអះអាងទៀតថា លទ្ធផលធ្វើតេស្តទៅលើតៀមលក់ស្រា-ស ស្រាថ្នាំទាំង២៨តូប មានស្ទើរតែទាំងអស់ដែលលក់ស្រា-ស មានលាយសារធាតុមេតាណុលពុលនេះលើសកម្រិត។ រីឯផ្ទះផលិតស្រាវិញ ដែលមានម្ចាស់ឈ្មោះ ប៊ូ ស៊ន កំពុងជាប់ការសង្ស័យរង់ចាំការស៊ើបដោយជំនាញបន្តទៀត។
លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃរសៀលនេះ អាជ្ញាធរបានកោះហៅពលរដ្ឋដែលបានផឹកស្រាស ស្រាថ្នាំ តាំងពីថ្ងៃទី១០ ខែឧសភាកន្លងទៅ មកពិនិត្យសុខភាពបាន ៥៦នាក់ ក្នុងនោះមានមនុស្សចំនួន ៥នាក់ ស្ថិតក្នុងអាការៈត្រូវសង្រ្គោះ ហើយលោកបានបញ្ជូនមនុស្សមកធ្វើការព្យាបាលនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញរួចហើយ។ សម្រាប់រសៀលនេះ អាជ្ញាធរបន្តពិនិត្យមនុស្សជាង ២០នាក់ផ្សេងទៀត ដែលបានផឹកស្រាស ស្រាថ្នាំនេះដែរ ដើម្បីប្រាកដថា ពួកគាត់អាចមានបញ្ហាគ្មាន។ ក្នុងករណីសង្ស័យថា មានភាពមិនប្រក្រតីតិចតួចក្ដី ក៏អាជ្ញាធរត្រូវតែយកចិត្តទុកដាក់បន្ទាន់ទៅលើបងប្អូនប្រជាពលរដ្ឋផងដែរ។ រីឯស្រាស ស្រាថ្នាំទាំងអស់ត្រូវបានលោកសុំគោលការណ៍ ដើម្បីដុតកម្ទេចចោលទាំងអស់ មិនឱ្យនៅសល់ទៀតឡើយ។
លោកបញ្ជាក់ទៀតថា ថ្ងៃនេះលោកបានកោះហៅមេឃុំទាំង១៤ មកប្រជុំបន្ទាន់ ដើម្បីដាក់ផែនការបិទការលក់ស្រានៅតាមតូប ឬតៀមគ្រប់ប្រភេទ និងពិសេសកន្លែងផលិតស្រាគ្រប់ប្រភេទ ត្រូវមានវិធានការណ៍ម៉ឺងម៉ាត់បំផុត។ បើករណីរកឃើញថា ហ៊ានលួចលក់ទៀត អាជ្ញាធរចាត់ការតាមច្បាប់ភ្លាមៗតែម្ដង គ្មានការយោគយល់ទេ ក្នុងន័យធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានមិនឱ្យមានបញ្ហាតទៅមុខទៀត។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ពិសេសនោះគឺអ្នកដែលបានហូបស្រា ស ស្រាថ្នាំ ដែលទិញពីស្រុកល្វាឯម សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្រាទាំងនេះមានផ្ទុកសារធាតុមេតាណុល លើសកម្រិត ដែលបង្កឱ្យពុលមនុស្ស ឈានដល់ការបាត់បង់អាយុជីវិតបាន។
ចំពោះករណីនេះ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកណ្ដាល បានអះអាងថា ការផលិតស្រាគ្រប់ប្រភេទនៅតំបន់នោះ គឺ «គ្មានច្បាប់អនុញ្ញាតនោះទេ»។ កន្លងមកលោកបានធ្លាប់អប់រំ ណែនាំប្រជាពលរដ្ឋដែលផលិតស្រាលក់ ត្រូវមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំលាយលើសកម្រិត កុំធ្វើហួសប្រមាណដោយសេចក្ដីលោភលន់ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទទួលទាន។ ប៉ុន្តែជាលទ្ធផលឃើញថា ពួកគាត់បែជាបានប្រព្រឹត្តកំហុសបង្កឲ្យមនុស្សស្លាប់ទាំង១១នាក់ និងគ្រោះថ្នាក់ដល់អ្នកដទៃទៀតដែលបានពិសារស្រារបស់គាត់។
គួរជម្រាបថា មនុស្សទាំង១១នាក់ បានស្លាប់ជាបន្តបន្ទាប់ក្រោយបានលួចផឹកស្រា.ស នៅក្នុងពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅឯភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ហើយមនុស្សបន្តគ្នាស្លាប់ពីមួយថ្ងៃទៅថ្ងៃបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ។
ការស្លាប់របស់ពួកគាត់ជាបន្តបន្ទាប់នេះ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ ។ នេះបើតាមការអះអាងពីលោក កន សុកកាយ អភិបាលស្រុកល្វាឯម៕