(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាទៅខាងអធិការកិច្ច និងរដ្ឋបាលតុលាការ ផ្ទៀងផ្ទាត់ពីបញ្ជីឈ្មោះវត្តមានចៅក្រម និងព្រះរាជអាជ្ញាឡើងវិញឲ្យបានត្រឹមត្រូវ ដើម្បីដាក់វិន័យ ឬលុបឈ្មោះចេញពីក្របខណ្ឌ ចំពោះចៅក្រម និងព្រះរាជអាជ្ញាទាំងឡាយណា ដែលអវត្តមានដោយមិនមានការអនុញ្ញាត។
ការដាក់បញ្ជាខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលបានសេចក្តីរាយការណ៍ថា មានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន ឈប់លើសពី២ ទៅ៣ខែឯណោះ ដោយគ្មានការអនុញ្ញាត។ លោក កើត រិទ្ធ បានអះអាងថា ការឈប់ដោយខុសច្បាប់នេះ បើយោងតាមមាត្រា៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ពួកគេត្រូវលុបឈ្មោះចេញពីក្របខណ្ឌ។
លោក កើត រិទ្ធ បានបញ្ជាបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានសាលាដំបូងខេត្តព្រៃវែង ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងឲ្យខាងអធិការកិច្ច ក៏ដូចជារដ្ឋបាលតុលាការ ផ្ទៀងផ្ទាល់ឲ្យខ្ញុំឡើងវិញ ចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលអនុវត្តមានខុសច្បាប់។ ទី១ សូមមានបញ្ជីវត្តមានមួយត្រឹមត្រូវ ទី២ សូមត្រួតពិនិត្យ ហើយអនុវត្តមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា។ ខ្ញុំបានទទួលដំណឹថា ព្រះរាជអាជ្ញារង និងចៅក្រមមួយចំនួន មិនដែលទៅធ្វើការ ២ ទៅ៣ខែ ក៏មានដែរ។ បើមិនដែលទៅធ្វើការ ២ ទៅ៣ខែ សូមអញ្ជើញដើរចេញតែម្តង។ ខ្ញុំនឹងអនុវត្ត នូវមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈ ហើយសូមប្រធានសាលាដំបូង និងព្រះរាជ្ញាអមសាលាដំបូង ម៉ឺងម៉ាត់លើបញ្ហាវិន័យនេះឲ្យខ្ញុំ»។
លោកបន្តថា «ចៅក្រមដែលមិនដែលទៅធ្វើការត្រឹមតែ១៥ថ្ងៃ គឺត្រូវគេកាត់បៀរវត្សអស់ហើយ។ លើកហ្នឹងបើនៅតែបន្តទៀត ត្រូវចាត់ទុកថា បោះបង់ការងារ ពិន័យ ឬបណ្តេញចេញពីក្របខណ្ឌ។ អញ្ចឹងខ្ញុំសូមថាធ្វើបញ្ជីឲ្យបានម៉ឺងម៉ាត់ បើសុំច្បាប់ មានច្បាប់អនុញ្ញាត ប៉ុន្តែសូមមានហេតុផល។ បើអវត្តមាន ដល់ទៅ ២ ឬ៣ខែហើយ យើងនៅបន្តការងារធ្វើអ្វីទៀត? មិនបាច់យោគយល់ទេ រាយការណ៍មក»។
បើតាមលោក កើត រិទ្ធ, ការណ៍ដែលមន្ត្រីក្នុងវិស័យតុលាការអវត្តមានរបៀបនេះ ធ្វើឲ្យសំណុំរឿងជាច្រើនត្រូវកកស្ទះ និងបង្កជាឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់អង្គចៅក្រម តាមរយៈការរៀបចំនូវប្រាក់បំណាច់មានភាពសមរម្យ ហើយសម្រាប់អ្នកដែលចាំតែបើកប្រាក់ខែ ដោយមិនទៅធ្វើការ បើគ្មានមនសិការទេ ក៏គួរតែខ្មាសខ្លួនឯងដែរ។
នៅចំពោះមុខមន្ត្រីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ លោកបានសង្កត់ធ្ងន់ៗទៀតថា «បើយើងមិនទៅធ្វើការ ចាំតែបើកប្រាក់ខែ វាអត់ត្រូវនឹងមនសិការរបស់យើង។ កុំថាឡើយរឿងវិន័យ សូម្បីមនសិការរបស់យើង ក៏យើងគួរខ្មាសអៀនដែរ»។
លោក កើត រិទ្ធ ថែមទាំងបានអាន ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រង់មាត្រា៥២ ដែលចែងថា បើការបោះបង់ការងារ ឬអវត្តមានឥតច្បាប់ ចាប់ពី១៥ថ្ងៃឡើងទៅ ត្រូវទទួលវិន័យផ្អាកមិនឲ្យបើកបៀរវត្ស ឬដាក់ឲ្យទំនេរគ្មានបៀរវត្ស ដោយគិតពីថ្ងៃបោះបង់ការងារ ឬថ្ងៃអវត្តមានគ្មានការអនុញ្ញាត។ បើការបោះបង់ការងារ ឬអវត្តមានឥតច្បាប់ ពុំមានមូលហេតុលើសពី ៣០ថ្ងៃទៅ ហើយចៅក្រមនោះ នៅតែមិនត្រឡប់មកបំពេញការងារវិញ ក្រោយការដាក់កំហិតចំនួន ២ដងនោះ ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
លោក កើត រិទ្ធ បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត អនុវត្តឲ្យមានភាពត្រឹមត្រូវ លឿន និងមិនពុករលួយ។
សូមជម្រាបថា លោក កើត រិទ្ធ បានឡើងកាន់តំណែងជា រដ្ឋមន្ដ្រីថ្មីនៃក្រសួងយុត្ដិធម៌ នៅថ្ងៃទី១ ខែមេសាស ឆ្នាំ២០២០។ នៅថ្ងៃឡើងកាន់តំណែងនោះ លោកបានប្រកាសប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា៕