(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ជំនួសមុខឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារីថ្មីខេត្តកំពត គឺលោកស្រី ហួត រី ជំនួសលោកស្រី សឿន សារី ដែលត្រូវចូលនិវត្តន៍។

ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពត ដោយចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត លោកព្រះរាជាអាជ្ញា ប្រធានសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។

តាមប្រកាសលេខ៣៣៣ កកន/ប្រក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី ត្រូវបានតែងតាំងលោកស្រី ហួត រី ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពត។

ក្នុងឱកាសនេះ លោក ជាវ តាយ អភិបាលខេត្ត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ចំណុចដល់លោកស្រី ហួត រី ប្រធានមន្ទីរកិច្ចការនារីថ្មី ដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តអនុវត្តការងារដែលនៅសេសសល់ពីលោកស្រី សឿន សារី ឱ្យបានចប់សព្វគ្រប់តាមផែនការ

*ទី២៖ បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្ត។

*ទី៣៖ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរ ឲ្យបានល្អប្រសើរ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវរៈ។

*ទី៤៖ ត្រូវធ្វើកិច្ចសហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត។

*ទី៥៖ ពេលជួបការលំបាកត្រូវរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយ ដោយមិនត្រូវទុកការងារទាំងនោះចោលឡើយ។

*ទី៦៖ យកចិត្តទុកដាក់ជម្រុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង ដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ៕