(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនដល់រដ្ឋបាល ក្រុង-ស្រុកទាំង១៣ នៃខេត្តព្រៃវែង ដើម្បីបម្រើឱ្យការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅមូលដ្ឋាន និងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ នៅក្នុងបរិបទនៃជំងឺកូវីដ១៩។
នាឱកាសនោះដែរលោក ជា សុមេធី បានថ្លែងថា ទាំងនេះជាការចូលរួមចំណែកជួយសម្រួលទុក្ខលំបាក ដើម្បីដោះស្រាយជាមួយរដ្ឋបាលស្រុក ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងដំណាក់កាលកម្ពុជាប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងរាតត្បាតក្នុងខេត្តព្រៃវែង នាបច្ចុប្បន្ននេះ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង ស្រុកទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា អំណោយទាំងនោះរួមមាន៖ មី ចំនួន៩១កេសធំ ស្មើនឹង ៥៤៦ កេសតូច ដែលបានផ្ដល់ជូនរដ្ឋបាលក្រុង ស្រុកក្នុងមួយស្រុកទទួលបាន មី៧កេសធំ ស្មើនឹង៤២កេសតូចផងដែរ៕