(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន ៤៧៧គ្រួសារ បានទទួលស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
អំណោយនេះ ត្រូវបាននាំយកមកចែកជូនចាប់ពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, អភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងប្រជាពលរដ្ឋណាម្នាក់ឡើយ។
ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេ ជូនបងប្អូនប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីនៅមូលដ្ឋាន យកចិត្តទុកដាក់ចំពោះសុខទុក្ខ ក៏ដូចជាការលំបាករបស់បងប្អូន ដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ។
ក្នុងនោះលោកអភិបាលខណ្ឌ បាននាំមកនូវការណែនាំពីលោក ឃួង ស្រេង ដោយបញ្ជាក់ថា ទោះបីបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មានការថមថយបន្តិចមែន បានអំពាវនាវដល់ប្រជាពលរដ្ឋនូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រាលំបាកនេះ និងស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងសូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ។
លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីរាជធានីភ្នំពេញ មានការបង្រួមតំបន់ក្រហម ទៅជាតំបន់លឿងទុំ ឬលឿង ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវវីដ១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរ មានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះ គ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។
បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូនក្នុង០១គ្រួសារទទួលបាន៖ អង្ករ១បាវ, មី ១កេស, ត្រីខ ១យួរ និងទឹកស៊ីអ៉ីវ ១យួរ៕