(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ អ្នកជំងឺទាំង២នាក់នេះ ទើបវិលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
យោងតាមសេចក្តីជូនព័ត៌មានដដែល បានឱ្យដឹងថា ស្ត្រីឈ្មោះ សូ សុខជាត អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិអង្គ ឃុំត្រពាំងល្ពៅ ស្រុករមាសហែក ជាអ្នកចំណាកស្រុកទើបវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរតាមរថយន្តដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ មកដល់ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ និងដាក់ខ្លួនដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត ស្រុករមាសហែក កន្លងមកធ្លាប់រួមដំណើរ ជាមួយស្ត្រីវិជ្ជមានកូវីដ១៩ ឈ្មោះ ពៅ ផារី ក្រុមការងារបានយកវត្ថុវិភាគសំណាកលើកទី២ ដោយតស្ករហ័ស នៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិជ្ជមានកូវីដ១៩។ ចំពោះអ្នកប៉ះពាល់ពេលរួមដំណើរមានចំនួន ៣៦នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។
ទី២៖ បុរសឈ្មោះ ខឹម សុផល អាយុ៣៨ឆ្នាំ មានគ្រួសារនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ជាអ្នកចំណាកស្រុកទើបវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានធ្វើដំណើរតាមរថយន្តដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ មកដល់ខេត្តស្វាយរៀង នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ និងដាក់ខ្លួនដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត ស្រុកស្វាយជ្រំ ហើយក្រុមការងារបានយកវត្ថុវិភាគ សំណាកដើម្បីធ្វើតេស្តរហ័ស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិជ្ជមានកូវីដ១៩។ ចំពោះអ្នកប៉ះពាល់ ពេលរួមដំណើរមានចំនួន ១១នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។
បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ ចំនួន០១នាក់ និងមន្ទីរពេទ្យបង្អែកសាមគ្គីដួល ចំនួន ០១នាក់។
នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៤០៣នាក់ ស្រី១៦៨នាក់ ករណីជាសះស្បើយចំនួន ៣២៩នាក់ ស្រី១៣២នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៦៨នាក់ ស្រី៣៤នាក់ និងករណីស្លាប់ចំនួន ០៥នាក់ ស្រី០២នាក់។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ខាងលើ គិតចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕