(កំពង់ចាម)៖ ខណៈពេលខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋជាបន្តបន្ទាប់ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យថែរក្សាសុខភាពជាចម្បង ដើម្បីឆ្លងផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
លោកអភិបាលខេត្ត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ខណ:ពេលចូលរួមផ្ដល់អំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ ជាអំណោយបានមកពីសប្បុរសជននៅ ប្រទេសអូស្ត្រាលី នាំមកផ្តល់ជូន ដោយសមាគមន៍ធម្មកថិក ព្រះសង្ឃកម្ពុជា ដែលមានព្រះអង្គគ្រូ វិជរប្បញ្ញោ សាន សុជា ជាប្រធាន។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមធម្មកថិក ព្រះសង្ឃកម្ពុជា ដែលមានព្រះអង្គ វិជរប្បញ្ញោ សាន សុជា ជាប្រធាន បានខិតខំចលនា ដល់សប្បុរសជននៅក្រៅប្រទេស ដើម្បីបានជាអំណោយយកមកផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងបរិបទវិបត្តិជំងឺកូវីដ១៩ នាពេលនេះ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្តបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពជាចម្បង ដើម្បីឆ្លងផុត ពីការរាលដាលជំងឺឆ្លងកូវីដ១៩ ចូលទៅក្នុងសហគមន៍ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល។
លោកអភិបាលខេត្ត ក៏បានឲ្យដឹងផងដែរថា មកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋចំនួនសរុប២៥៥នាក់ ក្នុងនោះ មានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញ ជាង១០០នាក់ និងជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
សូមបញ្ជាក់ថា អំណោយដែលសមាគមធម្មកថិក ព្រះសង្ឃកម្ពុជា បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ក្នុងនោះក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ, មី ១ កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១លីត្រ, អំបិល ១គីឡូក្រាម, ប៊ីចេងកន្លះគីឡូ, ខ្ទឹមសរ កន្លះគីឡូ និងថវិកា ៤០.០០០រៀល៕