(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ បានចេញមកពន្យល់ និងបកស្រាយចំពោះការឈូសឆាយដីនៅតំបន់ខ្ជាយ ឃុំពពក ស្រុកស្ទោង ក្រោយមានការចោទប្រកាន់តាមបណ្តាញសង្គមពាក់ព័ន្ធចំណាត់ការរបស់អាជ្ញាធរខេត្ត នៅតំបន់ទាំងនេះ។
ជុំវិញបញ្ហាការឈូសឆាយដីនេះលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានប្រាប់ភ្នាក់សារព័ត៌មាន Freshnews ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា លោកមានលិខិតបង្គាប់ការរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានចាត់តាំងឱ្យរូបលោក ចុះពិនិត្យទីតាំងស្នើសុំឈូសឆាយដីដំបូកនឹងគល់ឈើលើផ្ទៃដី ៩៩,៧៥ហិកតា នៅតំបន់ខ្ជាយភូមិ សំបួរ ឃុំពពក ស្រុកស្ទោង។
លោកបានលើកឡើងថា ក្រោយពីបានចុះត្រួតពិនិត្យលើទីតាំងជាក់ស្ដែង ក្រុមការងារបានធ្វើរបាយការណ៍ជូនទៅអភិបាលខេត្តកំពង់ធំ ដែលមានខ្លឹមសារថា ចំពោះទីតាំងស្នើសុំធ្វើការឈូសឆាយពង្រាបដីដំបូកនឹង គល់ឈើលើផ្ទៃដី ទំហំ៩៩,៧៥ហិកតា មានចម្ងាយពីថ្នល់ជាតិលេខ៦ ប្រមាណ ៨គីឡូម៉ែត្រ ជាដីស្រែ និងចម្ការពន្លេចរចាស់ របស់ប្រជាពលរដ្ឋដែលបានទិញលក់តាំងពី ឆ្នាំ២០០៣-២០០៤មកម៉្លេះ ហើយត្រូវបានម្ចាស់ធ្វើការកាយ ក្រវ៉ាត់ព្រំតាំងពីឆ្នាំ២០០៦ និងទីតាំងដីនេះ នៅក្នុងឆ្នាំ២០១២ ក្រុមការងារនិស្សិតបានចុះវាស់វែងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបទបញ្ជា០០១ (បប១) ដើម្បីចែកជូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងហើយទីតាំងនេះត្រូវបានក្រុមការងារនិស្សិតបានចុះវាស់វែងមួយចំនួនធំផងដែរ។
លោកបានបន្តទៀតថា ក្រោយការចុះពិនិត្យក្រុមការងារបានផ្តល់យោបល់ដូចខាងក្រោម៖
*ទី១៖ យោងតាមច្បាប់ភូមិបាលក្នុងមាត្រា៨៥ បានចែងថាកម្មសិទ្ធិករ នៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខ និងទូលំទូលាយកុំឱ្យតែយកទ្រព្យសម្បត្តិនោះ ទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់។
*ទី២៖ គួរអនុញ្ញាតឱ្យធ្វើការឈូសឆាយពង្រាបដីដំបូកនឹងគល់ឈើលើផ្ទៃដី ៤៩,៥០ហិកតា ជាដីដែលមានប័ណ្ណកម្មសិទ្ធិអចលនវត្ថុរួមជាស្រាប់លើផ្ទៃដីសរុប ៩៩,៧៥ហិកតា ស្ថិតក្នុងតំបន់ខ្ជាយ ភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
*ទី៣៖ ក្នុងករណីមានប៉ះចំណីអូរត្រូវរក្សាទុកអូចំនួន ១០ម៉ែត្រ សង្ខាងតាមលិខិតលេខ៩៨ អនក្របកចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៥ របស់ក្រសួងធនធានទឹក និងឧតុនិយម។
*ទី៤៖ ត្រូវរក្សាទុកផ្លូវរទេះ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំ។
*ទី៥៖ នៅពេលធ្វើការឈូសឆាយក្នុងករណីមានទំនាស់ព្រំដីកើតឡើងម្ចាស់សំណើត្រូវទទួលខុសត្រូវដោយខ្លួនឯងក្នុងការដោះស្រាយជាមួយអ្នកជាប់ព្រំឱ្យបានរួចរាល់ជាមុនសិនទើបអាចធ្វើការឈូសឆាយបន្តទៀត។
*ទី៦៖ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅពេលចុះអនុវត្តការងារឈូសឆាយដី
*ទី៧៖ ម្ចាស់សំណើត្រូវអនុវត្តតាមការកំណត់របស់ក្រុមការងារខេត្តក្នុងករណីមិនអនុវត្តតាមការកំណត់នោះម្ចាស់សំណើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។
លោក ព្រឹម រដ្ឋា បញ្ជាក់ផងដែរថា មុនធ្វើរបាយការណ៍ឆ្លងទៅអភិបាលខេត្តឯកភាព ក្រុមការងារបានធ្វើរបាយការណ៍ដែលមានឯកសារយោងច្បាស់លាស់ មិនដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួន បានចុះផ្សាយថារូបលោកបានធ្វើបាយការណ៍បិទភ្នែកភូតកុហកអភិបាលខេត្តនោះទេ៕