(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ក្រសួងការពារជាតិ បានក្រើនរំលឹក និងណែនាំដល់អ្នកចាក់វ៉ាក់សាំងរួចរាល់ ត្រូវរក្សាបណ្ណចាក់វ៉ាក់សាំងកុំឱ្យបាត់បង់ ដើម្បីទុកប្រើប្រាស់ក្នុងភាពចាំបាច់ណាមួយទៅថ្ងៃក្រោយ។
ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមទីតាំងចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម និងប្រគល់បណ្ណចាក់វ៉ាក់សាំងដល់អ្នកដែលបានចាក់ពីរលើករួចរាល់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
បណ្ណចាក់វ៉ាក់សាំង ដែលរៀបចំដោយក្រសួងការពារជាតិ បានបង្ហាញព័ត៌មានរបស់អ្នកចាក់, ប្រភេទវ៉ាក់សាំង, កាលបរិច្ឆេទចាក់វ៉ាក់សាំង ហើយក៏បង្ហាញរូបថតរបស់ចាក់វ៉ាក់សាំងផងដែរ។ បណ្ណចាក់វ៉ាក់សាំង អាចនឹងក្លាយជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ ដូចជាការធ្វើដំណើរចូលប្រទេសណាមួយ ឬអាចប្រើប្រាស់ក្នុងភាពចាំបាច់ដទៃទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៅកាន់អ្នកចាក់វ៉ាក់សាំង ពេលប្រគល់បណ្ណយ៉ាងដូច្នេះ «បណ្ណវ៉ាក់សាំងនេះ យើងធ្វើសម្រិតសម្រាំងល្អណាស់។ សូមថែរក្សាឱ្យបានល្អ កុំឱ្យបាត់បង់ឱ្យសោះ ព្រោះបណ្ណចាក់វ៉ាក់សាំងនេះអាចមានភាពចាំបាច់ក្នុងការប្រើប្រាស់ទៅថ្ងៃក្រោយ។ ក្នុងនោះអាចនឹងប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងទៅកាន់ប្រទេសណាមួយថែមទៀតផង។ ដូច្នេះត្រូវថែទាំវា តែបាត់ទៅ គឺនាំឱ្យយើងពិបាកធ្វើឡើងវិញ និងខាតពេលវេលា»។
សូមបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមរួមមានខណ្ឌកំបូល ដង្កោ ពោធិ៍សែនជ័យ មានជ័យ ទួលគោក និងឬស្សីកែវ បានឈានចូលដល់ការចាក់ដូសទី២ហើយ។ ទន្ទឹមនឹងការចាក់ដូសទី២, ដូសទី១ ក៏កំពុងដំណើរការចាក់ផងដែរ។
របាយការណ៍បានបង្ហាញថា ការចាក់ដូសទី១ នៅតំបន់ក្រហមនេះ ចាក់បានជាង ៧២ម៉ឺននាក់ ហើយការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា មកនោះ ចាក់បានជាង ១០ម៉ឺននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការចាក់ដូសទី១ នៅក្នុងខណ្ឌកំបូល ដង្កោ ពោធិ៍សែនជ័យ និងមានជ័យ បានលើសទិន្នន័យ ដែលបានគ្រោងទុករហូតដល់ទៅជាង ២០ម៉ឺននាក់។ ទិន្នន័យគ្រោងទុកពីដំបូង មានត្រឹមជាង ៥០ម៉ឺននាក់ តែពេលបច្ចុប្បន្នការចាក់វ៉ាក់សាំងដូសទី១ បានឡើងរហូតដល់ជាង ៧០ម៉ឺននាក់ហើយ។
ឆ្លើយតបលើបញ្ហានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ហើយណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ឱ្យផ្ទៀងផ្ទាត់បានល្អិតល្អន់បន្តិចកុំឱ្យមានអ្នកពីតំបន់ខាងក្រៅមកចាក់ក្នុងតំបន់ក្រហម។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រុមការងារចាក់វ៉ាក់សាំង មិនកំណាញ់រឿងចាក់នោះទេ។ ប៉ុន្តែអ្វីដែលបារម្ភ ការចល័តមនុស្សពីតំបន់ខាងក្រៅមកចាក់ក្នុងតំបន់ក្រហម អាចប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ១៩។ ដូច្នេះលោកបានសំណូមពរប្រជាពលរដ្ឋនៅតំបន់ខាងក្រៅ កុំអាលសម្រុកមកចាក់នៅតំបន់ក្រហម ហើយរង់ចាំកម្មវិធីចាក់នៅក្នុងតំបន់របស់ខ្លួនដែលនឹងធ្វើឡើងជាបន្តបន្ទាប់។
បើទោះដំណើរការចាក់វ៉ាក់សាំងដូសទី២ ត្រូវបានមើលឃើញថា ដំណើរការទៅល្អប្រសើរយ៉ាងណាក្តី។ តែនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។
ជាមួយគ្នានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។
ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ៕