(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានបញ្ជាក់ពីការផ្តល់ជំនួយ ១១លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ជំនួយខាងលើ បានបញ្ជាក់ឡើងក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បីពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក Patrick Murphy បានពាំនាំនូវសមានចិត្តសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។

«លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីជំនួយរបស់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ទឹកប្រាក់បួនពាន់លានដុល្លារអាមេរិក ក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក»។ នេះបើតាមក្រសួងការបរទេសកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាមេរិកទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួម លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។

ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើ ឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ។

លោកឧបនាយករដ្ឋមន្រ្តី បានជំរាបជូនលោកឯកអគ្គរដ្ឋទូត ថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ មេសា ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់លក្សដ៏សំខាន់ក្នុងការដោះស្រាយជំលោះដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ ១) តម្រូវឲ្យឈប់មានការប្រើអំពើហឹង្សារ ២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពី អាស៊ាន ហើយ ៣) អនុញាត្តិឲ្យការផ្តល់ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។ ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy)។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍របស់ សម្តេចតេជោ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គោលការណ៍ «ការឯកភាពគ្នាជាឯកឆន្ទប្រាំចំណុច» ដែលជាលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានកន្លងទៅ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបង្ហាញសមានចិត្តគាំទ្រជួយទ្រទ្រង់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានទទួល បានជោគជ័យនៅឆ្នាំក្រោយ៕