(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិត្រាច ឃុំការហែង ស្រុកសំរោងទង ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់រយៈពេល ២សប្ដាហ៍ គិតចាប់ថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។ នេះតើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពី លំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម៖
* ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរដោយអាជ្ញាធរមានសមត្ថកិច្ច
* ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់
* ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ តាមកាលកំណត់ នៅក្នុងរង្វង់ភូមិសាស្រ្តដែលបិទខ្ទប់
* ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាពសកម្មភាពការងារផ្តល់សេវាសាធារណៈចាំបាច់រួមមាន៖ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសម្រាម សំណល់រឹង
* ការធ្វើដំណើរដើម្បីចូលរួមសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ
* ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។
បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កំដៅ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖