(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីរំលឹកខួបលើកទី៥ឆ្នាំ នៃការវិនាសអន្តរាយដោយរលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្ស ១៨,០០០នាក់ បាត់បង់ជីវិត ព្រមទាំងខូចខាតផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់ត្រូវបានស្រោចស្រង់រួចនៅឡើយទេ រហូតមកដល់ពេលនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកជប៉ុន នៅថ្ងៃសុក្រ។
កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០១១ គ្រោះធម្មជាតិរញ្ជួយដីកម្រិតជាង ៨រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរ ភាគឦសានប្រទេសជប៉ុន ដែលបានបង្កជារលកយក្សស៊ូណាមិ កម្ពស់ ១៤ ម៉ែត្រ គ្របសង្កត់មកលើខេត្តមួយចំនួន នៅបណ្តោយឆ្នេរភាគខាងកើតនោះតែម្តង។
បញ្ហាធំធេងបន្ថែមទៀតនោះ គឺការផ្ទុះរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ដែលបានបណ្តាលឲ្យលេចធ្លាយសារធាតុវិទ្យុសកម្ម និងបានបង្កវិនាសកម្មកាន់តែខ្លាំងនៅតំបន់នោះ កាលពី ៥ឆ្នាំមុន។ សម្រាប់ពិធីរំលឹកខួបដ៏គួរឲ្យសោកសង្វេគនេះដែរ ត្រូវបានចូលរួមដោយមន្ត្រី បុគ្គលិករដ្ឋ និងប្រជាជនជាច្រើន នៅក្បែរទីតាំង ដែលធ្លាប់បានទទួលរងគ្រោះដោយសារតែរលកយក្សស៊ូណាមិ និង សារធាតុវិទ្យុសកម្ម៕