(ពោធិ៍សាត់)៖ ភ្លើងសង្គ្រាមនៅកម្ពុជារយៈពេលជិត៤ទសវត្សរ៍ ពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០ បានធ្វើឱ្យខ្ទេចខ្ទាំ គ្រួសារខ្មែរត្រូវនិរាសព្រាត់ប្រាស់ ស្លាប់បាត់បង់ជីវិត និងធ្លាក់ខ្លួនពិការមិនតិចនោះឡើយ។ ភ្លើងសង្គ្រាមនេះ ក៏បានបន្សល់នូវអតីតយុទ្ធជនកម្ពុជាជាច្រើនរូបរស់នៅក្នុងស្ថានភាពពិការរហូតដល់ពេលបច្ចុប្បន្ន។
លោក សុង សារ៉ាត់ អាយុ ៥៩ឆ្នាំ កំពុងរស់ជាមួយភាពពិការតាំងពីឆ្នាំ១៩៩៣ រហូតដល់ពេលបច្ចុប្បន្ន។ លោក សារ៉ាត់ បានប្រាប់ Fresh News ថា រូបលោកចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៤ បម្រើការនៅអង្គភាពយោធាខេត្តពោធិ៍សាត់។ លុះនៅឆ្នាំ១៩៩៣ លោកបានរងរបួសពិការភ្នែក និងរបួសខ្លួនប្រាណជាច្រើនកន្លែង លើសមរភូមិប្រយុទ្ធជាមួយខ្មែរក្រហម នៅក្នុងស្រុកបាកាន។
បើទោះបីធ្លាក់ខ្លួនពិការរហូតដល់ពេលបច្ចុប្បន្នបែបនេះក្តី តែសម្រាប់លោក សារ៉ាត់ គឺមិនបានអាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ។ លោកចាត់ទុកថា នេះគឺជាការលះបង់មួយដើម្បីជាតិមាតុភូមិរបស់លោក។
នយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យភ្លើងសង្គ្រាមនៅកម្ពុជាត្រូវបានបិទបញ្ចប់ និងរកឃើញពន្លឺសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ សុខសន្តិភាពនេះ បានធ្វើឱ្យសង្គមកម្ពុជា មានឱកាសកសាង និងអភិវឌ្ឍន៍រីកចម្រើន និងមានកំណើនសេដ្ឋកិច្ចល្អប្រសើរល្អប្រសើរ។
រយៈពេលជាង២០ឆ្នាំ ដែលកម្ពុជាបានបញ្ចប់ភ្លើងសង្គ្រាម ហើយសង្គមមានសេដ្ឋកិច្ចលូតលាស់យ៉ាងណាក្តី តែអតីតយុទ្ធជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកបានធ្វើពលីកម្មដើម្បីបុព្វហេតុសង្គមជាតិនោះ បន្តរស់នៅជាមួយភាពពិការ ហើយអតីតយុទ្ធជនភាគច្រើន ក៏មិនមានឱកាសកសាងជីវភាពឱ្យល្អប្រសើរពីមនុញ្ញផលនៃសុខសន្តិភាពនេះឡើយ។
បើទោះបីជាយ៉ាងណាអតីតយុទ្ធជនទាំងអស់ ក៏មិនត្រូវបានទុកឱ្យឯកោកនោះដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការរស់នៅ និងជីវភាពរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
ដើម្បីជាការតបស្នងសងគុណចំពោះគុណបំណាច់ដ៏ធំធេងក្នុងបុព្វហេតុសង្គមជាតិរបស់អតីតយុទ្ធជននៅក្នុងខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការលើការងារអតីតយុទ្ធជនចុះស្រាវជ្រាវរកអតីតយុទ្ធជន ដែលខ្វះខាតក្នុងខេត្តពោធិ៍សាត់នេះ ហើយចាត់ចែងរៀបចំផ្តល់ដី និងសាងសង់ផ្ទះជូនពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា នៅក្នុងភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីផ្តល់ជូនអតីតយុទ្ធជនប្រមាណ ៦២៨គ្រួសារ។ ក្នុងនោះអតីតយុទ្ធជនមួយគ្រួសារទទួលបានដីទំហំ ១.៥ហិកតា។
បន្ថែមពីលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះជូនពួកគេ។ ក្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានសម្បុរសជនមួយចំនួនទៀត បានចូលរួមថវិកាជួយសាងសង់ផ្ទះជូនពួកគេផងដែរ។ តាមរយៈថវិកាទាំងនេះ ធ្វើឱ្យសមាគមអតីតយុទ្ធជនមានលទ្ធភាពសាងសង់ផ្ទះបានជិត ២០០ខ្នង។ ផ្ទះនេះមានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ និងទម្លាក់យ៉ាកទៅក្រោយ៣ម៉ែត្រសម្រាប់ធ្វើចង្ក្រានបាយ។ ផ្ទះត្រូវបានសាងសាង់ឡើងដោយប្រក់ដែកសង្កសី ជញ្ជាំងស្មាតបត គ្រឿងបង្គុំធ្វើពីដែក សសរចាក់ស៊ីម៉ង់តិ៍។
បច្ចុប្បន្នផ្ទះអតីតយុទ្ធជនប្រមាណជា ៦០ខ្នង បានសាងសង់រួចរាល់ និងអនុញ្ញាតឱ្យអតីតយុទ្ធជនចូលរស់នៅជាបណ្តើរៗហើយ។ ការរៀបចំភូមិឋាន និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ដែលជាអនុប្រធាន និងជាអគ្គលេខាធិការសមាគម។
លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានយកចិត្តទុកដាក់លើការងារនេះខ្លាំងណាស់ផងដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ដែលមានទម្លាប់ទទួលខុសត្រូវខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តនោះ លោក ម៉ៅ ធនិន្ទ តែងចុះត្រួតពិនិត្យជាប់ជាប្រចាំពិនិត្យ និងជំរុញលើដំណើរការរៀបចំភូមិឋាន និងសាងសង់ផ្ទះសម្បែងនេះ។
លើផ្ទៃដីដែលសាងសង់ផ្ទះរួចរាល់ចំនួន ៦០ខ្នងនេះ លោក ម៉ៅ ធនិន្ទ បានយកកម្លាំងកងទ័ពក្នុងខេត្ត ចុះជួយរៀបចំរបងផ្ទះ ឈូសឆាយដីដាំដំណាំហូបផ្លែដូចជាស្វាយ ដូង និងក្រូច ជូនដល់អតីតយុទ្ធជន។ ក្រៅពីនោះ ក៏មានការឈូសឆាយដីរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ធ្វើបង្គន់ និងជីកអណ្តូងទឹកជាដើម។
បើតាមលោក ម៉ៅ ធនិន្ទ នៅតាមផ្ទះរបស់អតីតយុទ្ធជននីមួយៗ នឹងត្រូវបំពាក់ផ្ទាំងសូឡា ទាញយកថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះថែមទៀតផង។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការរៀបចំផ្ទះសម្បែងនេះ គឺរៀបចំឱ្យដូចផ្ទះប្រជាពលរដ្ឋទូទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងាររស់នៅរបស់អតីតយុទ្ធជនដែលជាអ្នកមានគុណបំណាច់សម្រាប់ជាតិ។ បើតាមលោក ម៉ៅ ធនិន្ទ ការយកចិត្តទុកដាក់លើការរៀបចំផ្ទះសម្បែង និងការដាំដុះនេះ គឺជាការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្រៅតែពីការផ្តល់ដីធ្លី និងសាងសង់ផ្ទះសម្បែងហើយនោះ អាជ្ញាធរ ក៏បានគិតគូរពីការជួយជ្រោមជ្រែង ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ដែលនឹងចូលមករស់នៅទីនេះថែមទៀតផង។ បើតាមលោក ម៉ៅ ធនិន្ទ ទីតាំងដី ដែលបានរៀបចំជូនអតីតយុទ្ធជនសុទ្ធសឹងជាដីដែលមានជីវជាតិ និងអំណោយផលខ្ពស់ដល់ការដាំដុះ។
ដូច្នេះលោកបានរៀបចំជាគ្រាប់ពូជនានា ជូនដល់អតីតយុទ្ធជន ដើម្បីធ្វើការដាំដុះនៅរដូវវស្សាឆ្នាំនេះ។ បន្ថែមពីលើនោះ លោក ម៉ៅ ធនិន្ទ ក៏បានសម្រេចឧបត្ថម្ភអង្ករមួយគ្រួសារ ៥០គីឡូក្រាម រយៈពេលមួយឆ្នាំ ដើម្បីជួយទ្រទ្រង់ការរស់នៅរបស់អតីតយុទ្ធជនដែលចូលមកតាំងទីលំនៅដំបូងនេះផងដែរ។ ការធ្វើបែបនេះ ដើម្បីធានាថា ក្រុមគ្រួសារអតីតយុទ្ធជននឹងមិនជួបការខ្វះខាតក្នុងជីវភាព។
បើទោះបីជាទីតាំងលំនៅថ្មី ដែលជាជម្រកជាទីកក់ក្តៅរបស់អតីតយុទ្ធជនក្នុងភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ មិនទាន់រៀបចំរួចរាល់ជាស្ថាពរក្តី តែក៏មានគ្រួសារអតីតយុទ្ធជន បានចូលមករស់នៅបណ្តើរៗហើយ។ ជាមួយការចូលមករស់នៅក្នុងលំនៅឋានថ្មី ពួកគេក៏ចាប់រៀបចំផ្ទះសម្បែង និងដាំដុះដំណាំផ្សេងៗលើដីមានអំណោយផលខ្ពស់លើវិស័យកសិកម្មនេះ។
លោក យ៉ុម សុផៃ អាយុ ៦៧ឆ្នាំ ជាអតីតយុទ្ធជនមួយរូប ដែលធ្លាប់បានច្បាំងក្នុងសមរភូមិសង្គ្រាមជាមួយទាហានខ្មែរក្រហមនាទសវត្សរ៍ឆ្នាំ៨០។ លោក យ៉ុម សុផៃ បានសម្រក់ទឹកភ្នែកពេលសួររឿងទទួលបានដី និងផ្ទះសម្បែងនេះ។ ទឹកភ្នែករបស់លោក សុផៃ បង្ហាញនូវក្តីរំភើបរបស់លោកចំពោះការមានឱកាសទទួលបានដី និងផ្ទះ ដែលលោកមិនដែលនឹកស្មានដល់។
លោក យ៉ុម សុផៃ បានចាត់ទុកអំណោយដី និងផ្ទះ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអំណោយដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់លោក។ លោកបានអះអាងថា ដី និងផ្ទះនេះ លោកបានផ្តាំផ្ញើកូនចៅទោះបីក្រយ៉ាងណា ក៏មិនឱ្យលក់ជាដាច់ខាត។
អតីតយុទ្ធជនមួយគ្រួសារទៀត គឺគ្រួសារលោក សុង សារ៉ាត់ ដែលបាននាំកូនចៅមករស់នៅលើដី និងផ្ទះដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ក៏បានកំពុងរីករាយនឹងទីតាំងជាទ្រនំជីវិតថ្មីនេះ។ អតីតយុទ្ធជនរូបនេះ បានបង្ហាញនូវក្តីរំភើប ហើយក៏បានបង្ហាញពីផែនការកសាងជីវិតថ្មីឱ្យបានល្អប្រសើរលើដី និងផ្ទះនេះផងដែរ។
លោក ម៉ៅ ស៊ីវុត្ថា អាយុ ៥៩ឆ្នាំ ក៏ជាអតីតយុទ្ធជនមួយរូបទៀត ដែលបានទទួលដី និងផ្ទះ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោក ស៊ីវុត្ថា ជាអតីតយោធានៅកងពលលេខ៤ ឈរជើងនៅព្រំដែនខេត្តកោះកុង និងខេត្តត្រាតរបស់ថៃ។ ក្នុងឆ្នាំ១៩៨៧ លោក ស៊ីវុត្ថា បានជាន់មីន និងពិការជើងម្ខាងរហូតដល់ពេលបច្ចុប្បន្ន។
បច្ចុប្បន្នលោក ម៉ៅ ស៊ីវុត្ថា បានចូលមករស់នៅលើដី និងផ្ទះនេះហើយ។ លោក ស៊ីវុត្ថា រីករាយព្រោះមានដីបង្កបង្កើនផល និងមានផ្ទះរស់នៅល្អប្រសើរជាងមុន។ អតីយុទ្ធជនរូបនេះ បានបង្ហាញក្តីរំពឹងថា ជីវិតរបស់លោកនឹងបានល្អប្រសើរជាមួយផែនការដាំដុះបន្លែ ឈើហូបផ្លែផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វធាតុជាដើម។
លោក ម៉ៅ ស៊ីវុត្ថា បានបង្ហាញការអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្មានថ្ងៃបំភ្លេចបាននោះឡើយ។
លោក ម៉ៅ ធនិន្ទ ក្នុងនាមជាអ្នកអភិបាល និងគ្រប់គ្រងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជួសមុខឱ្យអតីតយុទ្ធជនក្នុងខេត្ត បានសម្តែងនូវការដឹងគុណ និងចងចាំជាប់ជានិច្ចនូវគុណបំណាច់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ដី និងផ្ទះ ជាទីជម្រកដ៏កក់ក្តៅរបស់អតីតយុទ្ធជន។
អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវមករស់នៅលើទីតាំងដីថ្មីនេះ មានដល់ទៅ ៦២៨គ្រួសារ។ តែពេលបច្ចុប្បន្ននេះ ថវិកាសម្រាប់សាងសង់ផ្ទះមានក្នុងរង្វង់ប្រមាណ ២០០ខ្នងផ្ទះប៉ុណ្ណោះ។ ដូច្នេះនៅខ្វះថវិកាសម្រាប់សាងសង់ផ្ទះជាច្រើនខ្នងទៀត។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារអតីតយុទ្ធជននេះ បានបង្ហាញក្តីរំពឹងទុកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសប្បុរសជននានា នឹងចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីផ្តល់ទីជម្រកជូនអតីតយុទ្ធជន ជាអ្នកមានគុណបំណាច់ក្នុងការស្វែងរកសុខសន្តិភាព ដែលជាបុព្វហេតុដ៏សំខាន់សម្រាប់កសាង និងអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ៕