(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញមនុស្សចំនួន១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលក្នុងនោះភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ។
អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅ៖ ស្រុកពាមរក៍ ២នាក់, ស្រុកពារាំង ១នាក់, ស្រុកស្វាយអន្ទរ ២នាក់, ស្រុកកំចាយមារ ៤នាក់, ស្រុកកញ្ជ្រៀច ១នាក់, ស្រុកស្វាយអន្ទរ ១នាក់, ស្រុកពាមជរ ២នាក់ និងស្រុកបាភ្នំ ២នាក់។ ក្នុងនោះអ្នកដំណើរមកពីរាជធានីភ្នំពេញ ចំនួន៩នាក់, មកពីប្រទេសថៃ ចំនួន៤នាក់ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលមកពីភ្នំពេញ នៅស្រុកពាមជរ ចំនួន២នាក់។
ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេខាងលើ ក្នុងខេត្តព្រៃវែង។
ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការបានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ និង៣កុំ)៕