(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានច្រាលចោលទាំងស្រុង និងអំពាវនាវដល់ប្រជាពលរដ្ឋ ចៀសវាងការចាញ់បោក និងកុំជឿពាក្យចចារ៉ាមថា ទាល់អស់លុយ ទើបបានចាក់វ៉ាក់សាំងកូវីដ-១៩។
ការថ្លែងដូច្នេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងស្វែងយល់ពីការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។
លោកស្រីរដ្ឋលេខាធិការសុខាភិបាល បានថ្លែងបន្ដថា «ការផ្ដល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ គឺដោយមិនគិតថវិកា ហើយការចាក់វ៉ាក់សាំងនេះដែរ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា គឺលោកគិតណាស់ ដោយយកចិត្ដទុកដាក់ខ្ពស់ តាមដានជាប់ជានិច្ច ដូចនេះយើងត្រូវជឿទុកចិត្ដទៅលើការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំប្រទេសយើង»។
លោកស្រីសង្កត់ធ្ងន់ថា «ជាមួយគ្នានេះ គ.វ.ក-១៩ ក៏កំពុងតែសកម្មក្នុងការត្រួតពិនិត្យយ៉ាងតឹងរឹង ក្នុងការគ្រប់គ្រង និងផ្ដល់វ៉ាក់សាំងគ្រប់ជំហានទាំងអស់។ ដូច្នេះ ពាក្យចចារ៉ាមណាមួយនោះ ដែលលើកឡើងថា ទាល់តែអស់ប៉ុណ្ណេះ ប៉ុណ្ណោះ ទើបបានចាក់វ៉ាក់សាំងបាន ខ្ញុំសូមច្រាលចោលទាំងស្រុងតែម្ដង»។
លើសពីនោះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា នេះគ្រាន់ជាការបង្ការមុននោះទេ ការពារប្រសើរជាងព្យាបាល ប្រសិនបើមានករណីដូចពាក្យចចារ៉ាមខាងលើមែន សូមបញ្ឈប់ជាបន្ទាន់ ព្រោះយើងនឹងចុះស្រាវជ្រាវ បើកាលណាយើងរកឃើញ ទាំងអ្នកដែលយកលុយទៅឱ្យគេ ដើម្បីបានចាក់វ៉ាក់សាំង ទាំងអ្នកយកវ៉ាក់សាំងចាក់ ដើម្បីយកលុយពីគេ គឺជាប់ទោសដូចគ្នា។
លោកស្រី ឱ វណ្ណឌីន ក៏លើកឡើងថា «បច្ចុប្បន្ននេះក្រុមគ្រូពេទ្យ គឺបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការចាក់វ៉ាក់សំាងកូវីដ-១៩ ជូនប្រជាពលរដ្ឋយើង បានដំណើរការយ៉ាងល្អប្រសើរ ហើយយើងក៏មិនទាន់មានសកម្មភាពអសកម្មណាមួយ ដែលបង្កជាផលប៉ះពាល់នោះទេ គឺមានតែប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ ចាក់វ៉ាក់សាំងជូនពលរដ្ឋដោយមិននឿយហត់ ជួយគាំទ្រ និងកិច្ចសហប្រតិបត្ដិការល្អ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាចំនួន ជាង២លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។
រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានខ្ទង់ ១៣លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២។
ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការទទួលបានវ៉ាក់សាំង ប្រៀបបាននឹងការទទួលឱសថការពារជីវិតពីមច្ចុរាជកូវីដ១៩។
ការប្រឹងប្រែង និងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញនូវការពេញចិត្ត រីករាយ និងបង្ហាញនូវការចង់ចាំនូវគុណបំណាច់នេះមិនអាចបំភ្លេចបាននោះឡើយ៕