(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាយប់ថ្ងៃទី១៨ ខែឧសភា បានសម្រេចបើកការចេញ-ចូលឡើងវិញ នូវទីតាំង និងផ្ទះចំនួន១៤ ក្នុងក្រុងសៀមរាប ដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩។
យោងតាមសេចក្ដីសម្រេច ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន ទីតាំងខាងលើ គឺពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ ហឿល សុភាព ដែលស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង។ ទីតាំងទាំងនោះ គឺត្រូវបានបិទជាបណ្ដោះអាសន្នកាលពីថ្ងៃទី២ ថ្ងៃទី៤ ខែឧសភា កន្លងទៅ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត នៅបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ត្រូវមេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕