(កោះកុង)៖ ផ្លូវ១ខ្សែដែលខូចខាតរាប់ឆ្នាំមកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវពិបាក ក្នុងការធ្វើដំណើរទាំងរដូវប្រាំង ទាំងរដូវវស្សានោះ ឥឡូវត្រូវបានបើកការដ្ឋានស្ថាបនា ក្រាលកៅស៊ូហើយ។ ការបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានប្រវែង៤៣០ម៉ែត្រ និងដាក់ប្រព័ន្ធលូ សងខាងផ្លូវប្រវែង៤៨០ម៉ែត្រ។
ការបើកការដ្ឋានស្ថាបនា គឺធ្វើឡើងក្រោមអធិបតីភាព លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងមានការចូលរួមពីលោកអភិបាលរងខេត្ត រួមទាំងប្រធានមន្ទីរគ្រប់ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋជាច្រើននាក់។ នៅក្នុងឱកាសនោះ លោក លី សារ៉េត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានថ្លែងថា ការបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ មានប្រវែង៤៣០ម៉ែត្រ និងដាក់លូសងខាងផ្លូវប្រវែង៤៨០ម៉ែត្រ ចាប់ពីចំណុចរង្វង់មូលរូបសំណាក់ស្រ្តី រែកផ្លែឈើឆ្ពោះទៅទិសខាងលិច ដល់ផ្លូវកៅស៊ូ មាត់ព្រែកកោះប៉ោរ ហើយថវិកាដែលយើងធ្វើការស្ថានានេះ គឺជាថវិការបស់ជាតិ។ ដូច្នេះហើយសូមបងប្អូន បើកាលណាស្ថាបនារួចរាល់ហើយ ជួយគ្នាថែរក្សាគឺជាររបស់យើងទាំអស់គ្នាមិនរបស់បុគ្គលណាម្នាក់ឡើយ។ ក្នុងឱការនោះលោក ប៊ុន លើត បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំមានក្តីសោមនោស្សរីករាយណាស់ ដោយមើលឃើញពីភាពលំបាកមកជាការងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូន។ ព្រោះរាល់ថ្ងៃនេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់នូវការស្ថាបនាផ្លូវខ្លាំងណាស់ ហើយផ្លូវនេះទៀតសោត ជាសសៃរឈាមសម្រាប់សេដ្ឋកិច្ច»។ លោកបានបន្តថា បើបងប្អូនមានផ្លូវល្អ ហើយត្រូវរួមគ្នាថែរក្សា និងថែរក្សាបរិស្ថាននៅតាមដងផ្លូវ ឲ្យមានអនាម័យល្អ ដើម្បីធ្វើប្រឡងប្រណាំងនៅទីក្រុងស្អាត រមណីដ្ឋានសេវាល្អ ដើម្បីធ្វើការទាក់ទាញទេសចរណ៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកំសាន្តទៅលើវិស័យទេសចរណ៍៕