(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានជួបគ្នាតាមរយៈប្រព័ន្ធវីដេអូ ពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា និងអូស្រ្តាលី។ ជាពិសេសការបន្តជួយគាំទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពហុភាគី។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី១២ នាពេលខាងមុខ។
ក្នុងក្របខណ្ឌតំបន់ លោកឯកអគ្គរាជទូតអូស្ត្រាលីបានលើកឡើងថា អូស្ត្រាលី នឹងចាប់ផ្តើមដាច់ចេញនូវគំនិតផ្តួចផ្តើមជំរុញការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ។
ដោយទ្បែក្នុងក្របខណ្ឌទ្វេភាគីវិញ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូសា្រលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកជាដើម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលីដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
អូស្ត្រាលី គឺជាដៃគូល្អមួយរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម។ នៅឆ្នាំ២០២០ ទោះមានវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរស្ថិតក្នុងអត្រាមួយខ្ពស់។
ឆ្នាំ២០២០ កម្ពុជា និងអូស្ត្រាលី សម្រេចបានទំហំពាណិជ្ជកម្មជិត ២១៤លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅអូស្ត្រាលីជិត ១៣៤លានដុល្លារ ហើយនាំចូលពីអូស្ត្រាលីជិត ៨០លានដុល្លារ៕